(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងសារអបអរសាទរជូនដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេបានបញ្ចប់ការធ្វើចត្តាឡីស័ក ប្រកបដោយសុវត្ថិភាព។
ស្ថានទូតចិនបានថ្លែងសារតាមរយៈ Facebook យ៉ាងដូច្នេះថា៖ «អបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ចប់ការធ្វើចត្តាឡីស័កប្រកបដោយសុវត្ថិភាព។ សូមជូនពរព្រះរាជាណាចក្រកម្ពុជា រីកចម្រើនរុងរឿង ប្រជាជនរស់នៅដោយសុខក្សេមក្សាន្ត!»។
លទ្ធផលផ្លូវការចុងក្រោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងអ្នកនៅជាមួយសម្តេច ពាក់ព័ន្ធព្រឹត្តិការណ៍ ៣ វិច្ឆិកា បង្ហាញនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ បញ្ជាក់ថា «អវិជ្ជមាន»។ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះដែរ សម្តេចតេជោ ហ៊ុន សែន បានចេញហាត់កីឡាជាលើកដំបូង ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក និងនិយាយពាក្យសំខាន់មួយឃ្លាថា «លាហើយព្រឹត្តិការណ៍ ៣ វិច្ឆិកា»៕