(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ហាមដាច់ខាតមិនឲ្យមានការដាក់តាំងលក់ទំនិញ ឫសម្ភារផ្សេងៗ លើចិញ្ចើមផ្លូវដាច់ខាត ដែលអាចបង្កឲ្យមានការកកស្ទះចរាចរណ៍ និងបង្កឲ្យបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ពិសេសបាត់បង់ចំណីផ្លូវសាធារណៈរបស់រដ្ឋ។
នេះបើតាមការបញ្ជាក់ឲ្យបានដឹង ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអ្នកយកព័ត៌មានអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ការបញ្ជាក់ឲ្យបានដឹងពីអភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឡើងនៅក្នុងពេលលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះណែនាំ និងបាញ់ ថ្នាំកំណត់ទីតាំងលក់ដូរជូនក្រុមអាជីវករ ពោលគឺហាមដាច់ខាតមិនអនុញាត្តឲ្យក្រុមអាជីវករលក់ដូរលើសគំនូសសញ្ញាឡើយ ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតំបន់ជុំវិញផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ប្រាជ្ញ សីហា បានលើកឡើងថា (ដើម្បីថែរក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាបានចំណីផ្លូវសាធារណៈរបស់រដ្ឋ គឺអាជ្ញាធរហាមប្រាមដាច់ខាតមិនឲ្យមានការដាក់តាំងលក់ទំនិញ ឫសម្ភារផ្សេងៗ លើចិញ្ចើមផ្លូវឡើយ)៕