(អូស្ត្រាលី)៖ សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង បានចេញសេចក្ដីប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះការនាំអង្ករ និងផលិតផល កសិកម្មពីកម្ពុជា ចូលអូស្ត្រាលី ថែមទាំងបានថ្កោលទោស ចំពោះជនអគតិមួយក្ដាប់តូច ដែលរារាំងមិនឲ្យអូស្ត្រាលីនាំអង្ករកម្ពុជាចូល ខណៈប្រជាពលរដ្ឋកម្ពុជា កំពុងជួបទុក្ខលំបាក ដោយសារការរាតត្បាតជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ផងនោះ។
តាមសេចក្ដីប្រកាសដែល Fresh News ទទួលបាននាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា «យើងខ្ញុំជាសហគមន៍ខ្មែរ រស់នៅប្រទេសអូស្ត្រាលី មានការហួសចិត្ត និងសោកស្តាយយ៉ាងខ្លាំងចំពោះ ជនអគតិមួយក្តាប់តូច នៅប្រទេសអូស្ត្រាលី ដែលតាំងខ្លួនឯង ជាតំណាងឲ្យសហគមន៍ខ្មែរ មានចេតនាទុច្ចរិតខិតខំ រិះរកគ្រប់មធ្យោបាយចង់បំផ្លិចបំផ្លាញ ផ្ទាល់លើផលប្រយោជន៍ប្រជាកសិករខ្មែរ ជាពិសេសលើវិស័យស្រូវអង្ករ កម្ពុជានាំចូលមកកាន់ទីផ្សារប្រទេសអូស្ត្រាលី នៅខណៈពេលប្រជាកសិករកំពុងទទួលរង ផលប៉ះពាល់ហានិភ័យពីជំងឺរាតត្បាតកូវីដ១៩ និងគ្រោះជំនន់ទឹកភ្លៀងក្នុងឆ្នាំនេះ»។
សេចក្ដីប្រកាសបានបន្ថែមទៀតថា ទង្វើនេះ ត្រូវបានធ្វើឡើងដោយជនមួយក្តាប់តូច ដែលមាននិន្នាការលំអៀង ទៅអតីតគណបក្សសង្គ្រោះជាតិ នៅតំបន់មួយ នៃប្រទេសអូស្ត្រាលីរដ្ឋខាងត្បូង ដែលបានតាំងខ្លួនឯងថា ជាអ្នកតំណាងឲ្យសហគមន៍ខ្មែរ នៅប្រទេសអូស្ត្រាលី ក្រោមការជួយជ្រោមជ្រែងបំប៉ោង សម្លេងពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១៤ ខែវិច្ឆិកានេះ ដោយបានផ្ញើលិខិតទៅតំណាងរាស្ត្រមួយរូប ឈ្មោះAnthony Byrne នៅរដ្ឋ Victoria ដោយបានមួលបង្កាច់ថា អង្កររបស់កម្ពុជា ដែលបាននឹងកំពុងនាំចេញមកអូស្ត្រាលី មានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងសេចក្ដីប្រកាសបានបន្ដថា ការចោទប្រកាន់នេះ គឺជាការប្រឌិតឡើងមានចេតនាទុច្ចរិត ដើម្បីរារាំងទីផ្សារ និងបំផ្លាញកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ដែលពិភពលោកទទួលស្គាល់ និងមានចេតនា បំផ្លិចបំផ្លាញផ្ទាល់ទៅលើផលប្រយោជន៍ប្រជាកសិករខ្មែរសុទ្ធសាធ។
សូមជម្រាបថា ជាច្រើនឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ ដល់ប្រជាកសិករ ដែលជាម្ចាស់ស្រែចំការជាង ២.៥លានហិកតា ដោយផ្តល់នូវកិច្ចការការពារ និងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ដូចជាការផ្តល់ប័ណ្ណគ្រប់គ្រងកម្មសិទ្ធិដីធ្លី ដែលមិនអាចឲ្យជនណាមួយមករំលោភបំពាន ឬយកជាកម្មសិទ្ធិបានឡើយ ផ្តល់ការលើកលែងពន្ធនៃការបង់ពន្ធលើដីស្រែចំការ និងពន្ធគ្រប់ប្រភេទលើធាតុចូលកសិកម្មផ្តល់គ្រាប់ពូជ
សម្ភារៈកសិកម្មផ្សេងៗ បណ្តុះបណ្តាលជំនាញដាំដុះ និងការខិតខំស្វែងរកនិងពង្រីកទីផ្សារជូនគាត់ជាដើម។
ក្នុងរយៈពេល១០ ខែនៃឆ្នាំ២០២០ កម្ពុជាបាននាំអង្ករមកប្រទេសអូស្ត្រាលីបានចំនួន ២៥,៩៩៤ តោនកើនឡើង ៥៣% បើប្រៀបធៀបរយៈពេល១០ខែដូចគ្នា នៃឆ្នាំ២០១៩ នេះជាមោទនភាពមួយនៃកិច្ចខិតខំប្រឹង ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការជួយគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលី ដល់កសិករនិងវិស័យស្រូវអង្ករកម្ពុជា៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់សមាគមមិត្តភាពកម្ពុជា និងវប្បធម៌ ប្រចាំរដ្ឋអូស្ត្រាលីខាងត្បូង៖