(ព្រះវិហារ)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារ ព្រំដែនគោកបានដឹកនាំក្រុមការងាររបស់នាយកដ្ឋានចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់មន្ត្រីនគរបាលវរសេនាតូចលេខ៧៩៥ គឺលោកអនុសេនីយ៍ឯក នួន ធឿន អាយុ៤៦ឆ្នាំ ជាមន្ត្រីប្រចាំការនៅចំណុចដំណាក់១ ជណ្តើរបុរាណ ខាងកើតប្រាសាទព្រះវិហារ ដែលបានជួបឧប្បត្តិហេតុជាន់មីនផ្ទុះ បណ្តាលឱ្យរងរបួសជើងទាំងសងខាងយ៉ាងធ្ងន់ធ្ងរ និងកំពុងសំរាក ព្យាបាលរបួស នៅមន្ទីរពេទ្យ១៦មករា ខេត្តព្រះវិហារ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន បានពាំនាំមតិផ្តាំផ្ញើពីសំណាក់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិជូនមន្រ្តីកងកម្លាំងទាំងអស់ថា
* មន្ត្រីរងគ្រោះខិតខំត្រូវប្រមូលស្មារតីកម្លាំងចិត្តរស់នៅ ថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អតទៅមុខទៀត កុំអស់សង្ឈឹមក្នុងជីវិត
* កម្លាំងទាំងអស់ដែលឈរជើងប្រចាំការឬល្បាតតាមគោលដៅនានា សូមប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងកាត់ ឬចូលទៅតំបន់ ឬទីតាំងដែលសង្ស័យមិនទាន់សំអាតមីនរួច។
អំណោយរួមមាន៖
* ថវិកា ១២លានរៀល ជូនដល់មន្ត្រីដែលរងគ្រោះថ្នាក់ និងគ្រឿងឧបភោគ បរិភោគមួយចំនួន
* ថវិកា ៤០ម៉ឺនរៀល ជូនដល់លោកគ្រូពេទ្យប្រចាំការ។
បន្តមកទៀតនៅខេត្តព្រះវិហារ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ឯក លៀង ភារម្យ បាននាំយកអំណោយរបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង ជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ ផ្តល់ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនគោកដែលកំពុងឈរជើងការពារលើប្រាសាទព្រះវិហារ។
អំណោយរួមមាន៖
* ទូរទស្សន៍ ចានឌីធីវី អាគុយ សូឡា ចំនួន២ឈុត
* ថវិកាក្នុងម្នាក់ ៤ម៉ឺនរៀល។
ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯកប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់បំពញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងមុឺងម៉ាត់ ត្រូវចេះថែទាំសុខភាព និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។
ខេត្តព្រះវិហារដដែលនេះ ក្រោយពីបញ្ចប់បេសកកម្ម ចុះសួរសុខទុក្ខកងម្លាំងនគរបាលការពារព្រំដែនដែលឈរជើងនៅលើប្រាសាទព្រះវិហាររួចមក ឧត្តមសេនីយ៍ឯក លៀង ភារម្យ បានបន្តដឹកនាំកម្លាំងចុះសួរសុខទុក្ខ និងជួយប្រមូលផលច្រូតស្រូវ ជូនគ្រួសារមន្ត្រីនគរបាលដែលបានជួបឧប្បត្តិហេតុជាន់មីនផ្ទុះ របួសពិការជើងទាំងសងខាង ដើម្បីសម្រាលការលំបាកខ្លះជូនក្រុមគ្រួសាររបស់គាត់៕