(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឲ្យ លោក ព្រហ្ម សួនប្រសិទ្ធ នាយកប្រតិបត្តិ ARMAC ថ្មី និងសហការី ចូលជួបពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីន នៅទីស្នាក់ការអាជ្ញាធរមីន។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី បានអបអរសាទរចំពោះ លោក ព្រហ្ម សួនប្រសិទ្ធ អ្នកជំនាញវិស័យមីននៅកម្ពុជា ដែលត្រូវបានជ្រើសតាំងជានាយកប្រតិបត្តិ ARMAC ថ្មី ជំនួស លោក លី បញ្ញារិទ្ធិ៍ ដែលត្រូវបានផុតអាណត្តិ និងចូលបម្រើការងារជាអគ្គលេខាធិការរងអាជ្ញាធរមីនវិញ។
លោកបានបន្តថា មជ្ឈមណ្ឌល ARMAC ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០១២ ដែលខណៈពេលនោះ ប្រទេសកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ និងជាប្រធានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាសមាជិកអាស៊ាន។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ជូនថ្នាក់ដឹកនាំ ARMAC ថា អាជ្ញាធរមីន នឹងបន្តផ្តល់កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងគាំទ្រដល់កម្មវិធីនានារបស់មជ្ឈមណ្ឌល ARMAC ដើម្បីរួមគ្នាសម្រេចនូវ គោលដៅរួមមួយ បញ្ចប់ការគម្រាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ក៏ដូចជាតំបន់អាស៊ានទាំងមូល។ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ ARMAC ត្រូវបន្តបេសកម្មរបស់ខ្លួន ក្នុងការជួយចែករំលែក បណ្តុះបណ្តាល និងលើកកម្ពស់វិស័យមីននៅថ្នាក់តំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ ក្នុងនាមជាថ្នាក់ដឹកនាំថ្មីនៃមជ្ឈមណ្ឌល ARMAC លោក ព្រហ្ម សួនប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកទេសរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាជ្ញាធរមីនទាំងអស់ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងល្អ រវាងអាជ្ញាធរមីន និងមជ្ឈមណ្ឌល ARMAC នាពេលកន្លងមក៕