(បន្ទាយមានជ័យ)៖ សម្ភារបង្ការមេរោគកូវីដ១៩ជាច្រើនមុខ រួមមាន៖ ម៉ាស១កេស ស្មើរ៥០ប្រអប់តូច ជែលដបធំចំណុះ៥០០ ម.ល ១២ដប ស្រោមដៃ១កេស ស្មើ១០ប្រអប់តូច និងផ្ទាំងសារអប់រំ ត្រូវបានលោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ យកទៅប្រគល់ជូនប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ ជាគ្រូបង្គោល សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ IOM ចុះមកធ្វើការបណ្តុះបណ្តាល និងផ្តល់សម្ភារបន្ថែម សម្រាប់បង្ការការពារមេរោគកូវីដ-១៩ ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍ និងមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ក្នុងនោះលោកឧត្តមសេនីយ៍ទោ ទៀប ប៊ុនលាភ បានថ្លែងថា សម្ភារបង្ការមេរោគកូវីដ១៩ជាច្រើនមុខនេះ បានផ្តល់ឲ្យមន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តធ្វើការទប់ស្កាត់នៃការឆ្លងវីរុសកូវីដ ព្រោះជម្ងឺនេះវាអាចឆ្លងតាមរូបភាព និងស្ថានភាពផ្សេងៗ ក្នុងនោះមានការតម្រូវឲ្យបាញ់កំដៅ ឃុំខ្លួននៅក្នុងផ្ទះឲ្យបានរយៈពេល១៤ថ្ងៃ លាងសម្អាតដៃនឹងទឹក ទឹកសាប៊ូនិងទឹកលាងដៃ HAND Gel ជាដើម ហើយជួបគ្នាត្រូវលើកដៃសំពះគ្នាឬលើកដៃជាសញ្ញា ចៀសវាងចាប់ដៃព្រោះបារម្ភចម្លងមេរោគនេះ។
លោកបានបន្តទៀតថា មេរោគកូវីដ១៩នេះ ជាមេរោគដ៏កាចសាហាវនៅតែបន្តវាយលុកយ៉ាងខ្លាំងលើពិភពលោកធ្វើមនុស្សជាតិ កើតជម្ងឺនេះស្លាប់ និងមានអ្នកជម្ងឺកើតរាប់លាននាក់ ក្នុងពិភពលោករហូតមកដល់សព្វថ្ងៃនេះ នៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះបាននៅឡើយ ដូច្នេះយើងទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់មេរោគនេះ ឲ្យបានគ្រប់គ្នាដោយមន្ត្រីជំនាញ។
ក្រសួងសុខាភិបាល បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ព័ន្ធ ត្រូវរួមគ្នាចុះផ្សព្វផ្សាយដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង ចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19 នេះទាំងអស់គ្នា៕