(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានជំរុញឲ្យសមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសត្រូវតែពន្លឿន ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះដូចជា ផ្តល់សេវាសាធារណការធ្វើអត្តសញ្ញាណប័ណ្ណ, ការងារអត្រានុកូលដ្ឋាន, ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងទំនាស់ដីធ្លីឲ្យបានឆាប់រហ័ស និងសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានលឿន និង មានតម្លាភាព។
លោកអភិបាលខេត្ត បានជំរុញដូចនេះ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅទីធ្លាបរិវេណមុខវត្តបញ្ជាវរារាម (ហៅវត្តស្រែក្រសាំង) ក្នុងឱកាសរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម រចនា ទីប្រឹក្សារាជរដ្ឋាភិបាល និងមានប្រធានមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។
លោក ម៉ុម សារឿន ក៏បានជំរុញផងដែរ ដល់សមត្ថកិច្ចមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តចូលរួមឲ្យបានសកម្មក្នុងការផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមមូលដ្ឋានរបស់ខ្លួនឲ្យបានស៊ីជម្រៅដល់ស្រទាប់មហាជនទូទៅ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការបង្ការទប់ស្កាត់រីករាលដាលចូលមកក្នុងសហគមន៍។
លោក ឈាង ឡាក់ បានថ្លែងថា ការពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ក្នុងគោលបំណងដើម្បីឲ្យប្រជាពលរដ្ឋស្តាប់នូវរបាយការណ៍ ស្តីពីសមិទ្ធផលដែលអាជ្ញាធរខេត្តសម្រេចបាន និងផែនការសកម្មភាពសម្រាប់អនុវត្តនៅឆ្នាំបន្តបន្ទាប់ទៀត របស់រដ្ឋបាលខេត្ត ផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានបញ្ចេញមតិរបស់ខ្លួនពាក់ព័ន្ធនឹងក្តីកង្វល់សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋានដើម្បីឲ្យអាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធធ្វើការដោះស្រាយ និងឆ្លើយតបរាល់តម្រូវការទាំងនោះ។
លោកជំរុញថា ត្រូវពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋលើការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង និងដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
សូមបញ្ជាក់ថា ក្នុងវេទិកានេះ សំណូមពរ និងក្តីកង្វល់ បញ្ហាប្រឈមជាច្រើន ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងឆ្លើយតប និងដោះស្រាយជូនប្រជាពលរដ្ឋ៕