(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា សកម្មភាពសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងនេះធ្វើឡើង ដើម្បីជាការលើក ទឹកចិត្តផង និងដូចជាការតបស្នងចំពោះកងកម្លាំងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្តទាំងការចូលរួមរៀបចំសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ពិសេសក្នុងពេលមានបញ្ហាកម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ិន ទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាមមួយរយៈនោះ គឺបានកងកម្លំាងសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌនេះ ហើយដែលចេញជួយធ្វើការប្រមូលសំរាមក្នុងមូលដ្ឋានជាមួយរដ្ឋបាលរាជធានីភ្នំពេញ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានសូមឱ្យកម្លាំងមានសមត្ថកិច្ចផ្សេងទៀត កុំច្រណែនជាមួយកងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ដោយសារតែកម្លាំងប្រជាការពារ ប្រាក់ខែ ឬបៀវត្សរ៍មិនដូចកងកម្លាំងបូលិស និងកងរាជអាវុធហត្ថនោះទេ ប្រាក់ឧបត្ថម្ភរបស់គាត់នៅមានកំរិត ពោលគឺប្រាក់ខែមន្ត្រីជាប់កិច្ចសន្យាបានប្រាក់ឧបត្ថម្ភតែ ៦៧ម៉ឺនប៉ុណ្ណោះក្នុង១ខែ។
នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង ខណៈដែលលោកដឹកនាំមន្ត្រីក្រោមឱវាទចុះសំណេសំណាល និងផ្ដល់អំណោយជូនកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន២ នោះគឺខណ្ឌព្រែកព្នៅ និងខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីជាការលើកទឹកចិត្ត ដែលកម្លាំងសណ្ដាប់ធ្នាប់របស់យើងបានចូលរួមយ៉ាងសកម្ម ក្នុងការចូលរួមរៀបចំសណ្តាប់ធ្នាប់ ការប្រមូលសំរាមក្នុងរាជធានី ទទួលបានជោគជ័យ។
ក្នុងឱកាសនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា ក្នុងឆ្នំា២០២០នេះ រាជធានីភ្នំពេញមានបញ្ហាប្រឈមធំៗចំនួនបី ប៉ុន្តែយើងអាចជំនៈ ដោះស្រាយទទួលបានជោគជ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន យើងបានជម្នះ និងដោះស្រាយទទួលបានជោគជ័យ នោះគឺបញ្ហាសំរាម បញ្ហាទឹកជំនន់ នឹងបញ្ហាប្រឈមនិងជម្ងឺកូវីដ-១៩។
ចំពោះបញ្ហាប្រឈមដែលបានលើកឡើងនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាទី១ គឺបញ្ហាសំរាម ដោយសារតែកម្មករក្រុមហ៊ុនស៊ីនទ្រីធ្វើកូដកម្ម មិនព្រមប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ហើយក្នុងខណៈនោះ ក្រោមការដឹកនាំរបស់សម្ដេចតេជោ រដ្ឋបាលរាជធានី បានសម្រេចបញ្ចេញនូវកម្លាំងចម្រុះ ដើម្បីធ្វើការប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ក្នុងនោះប្រជាការពារជាកម្លាំងស្នូល ក្នុងកិច្ចប្រតិបត្តិការនៃការប្រមូលសំរាមនេះ រហូតយើងទទួលបានលទ្ធផលជោគជ័យដោយក្នុងមួយថ្ងៃ យើងអាចប្រមូលសំរាមបានរហូតដល់ ៣ពាន់តោន។
ចំណែកបញ្ហាប្រឈមទី២នោះ គឺបញ្ហាទឹកជំនន់ដែលបានជន់លិចរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួនទៀត។ ប៉ុន្តែបញ្ហាប្រឈមនេះ ត្រូវបានដោះស្រាយទទួលបានជោគជ័យផងដែរ ដោយសារតែយើងបានប្រើប្រាស់នូវកម្លាំងសរុប មានទាំងកងកម្លាំងប្រដាប់អាវុធ និងកម្លាំងស៊ីវិលរួមសហការគ្នា ដោយបានជម្លៀសប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ជាមួយនឹងការផ្ដល់ជាស្បៀងអាហារជូនពួកគាត់គ្រប់គ្រាន់ផងដែរ។
ដោយឡែកចំពោះបញ្ហាប្រឈមទី៣នោះ គឺព្រឹត្តិកាលថ្ងៃទី០៣ វិច្ឆិកា ដែលប្រទេសកម្ពុជាបានប្រឈមនឹងជំងឺកូវីដ-១៩ ក្នុងនោះក្រោមការដឹកនាំរបស់សម្ដេចតេជោ យើងបានគ្រប់គ្រងបញ្ហាកូវីដ-១៩ នេះទទួលបានជោគជ័យ ដោយមិនបានធ្វើឱ្យរាលដាលដល់សហគមន៍នោះទេ។
គួរបញ្ជាក់ថា ការចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនទៅដល់កម្លាំងសណ្ដាប់ធ្នាប់ទាំងពីរខណ្ឌខាងលើនេះ ក្នុងនោះកងកម្លាំងសណ្តាប់ធ្នាប់ម្នាក់ៗ ទទួលបានអង្ករ ២៥គីឡូក្រាម មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ី ជាមួយនឹងការចែកម៉ាស ជូនពួកគាត់ផងដែរ៕