(ភ្នំពេញ)៖ ក្នុងដំណើររស់នៅប្រចាំថ្ងៃ បុគ្គលម្នាក់ៗរមែងមានការប្រាស្រ័យទាក់ទងនិងជួយយកអាសារគ្នាទៅវិញទៅមក ដែលជាពិសេសគឺរវាងអ្នកជិតខាង រស់នៅជាប់របងគ្នានេះឯង។ យ៉ាងណាមិញ ប្រសិនបើបុគ្គលណាម្នាក់រស់នៅដោយគ្មានច្បាប់ទំលាប់គ្រប់គ្រងនិងប្រព្រឹត្តអំពើដែលនាំឱ្យមាន ការរំលោភបំពានដល់ សិទ្ធិអ្នកដទៃនោះ វានឹងនាំឱ្យមានវិវាទកើតឡើងរវាងអ្នកភូមិផងរបងជាមួយគ្នានេះជាក់ជាមិនខាន ។
ដោយហេតុនេះហើយ ទើបក្រមរដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា បានចែងអំពី «អឌ្ឍសិទ្ធិភាព» ដែលបញ្ញត្តអំពីសិទ្ធិ និងកាតព្វកិច្ចរបស់អ្នកជិតខាងដែលមានរបង ឬព្រំជាប់គ្នា ដើម្បីបង្ការនូវទំនាស់ផ្សេងៗ។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ថា តើអឌ្ឍសិទ្ធិភាពមានន័យដូចម្ដេច? ហើយបទបញ្ញត្តិនេះ បានចែងអំពីសិទ្ធិ និងកាតព្វកិច្ចដូចម្ដេចខ្លះ?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «អឌ្ឍសិទ្ធិភាព» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖
អឌ្ឍសិទ្ធិភាព សំដៅដល់កម្មសិទ្ធិរួមរបស់ម្ចាស់ដីដែលនៅជាប់គ្នា ដែលមានទៅលើជញ្ជាំង របង កំពែង ស្នាមភ្លោះ ឬភ្លឺ នៅត្រង់ព្រំខ័ណ្ឌដី ឬអាគារលើដីនោះ។ ឧទាហរណ៍ៈ ប្រសិនបើម្ចាស់ដីពីរប្លង់ជាប់គ្នាធ្វើកំពែង ឬរបងនៅលើព្រំដី ដើម្បីខ័ណ្ឌចែកដីទាំងពីរពីគ្នា កំពែង ឬរបងនោះនឹងក្លាយជាកម្មសិទ្ធិរួមរបស់ម្ចាស់ដីទាំងសងខាង។ កំពែង ឬរបងដែលសង់ឡើងនៅលើព្រំដីនេះ ត្រូវបានឱ្យឈ្មោះថាជាកំពែងអឌ្ឍសិទ្ធិ ឬរបងអឌ្ឍសិទ្ធិ។
ម្ចាស់កម្មសិទ្ធិករលើកំពែងអឌ្ឍសិទ្ធិមានកាតព្វកិច្ចរួមគ្នា ទទួលបន្ទុកក្នុងការចំណាយលើការសាងសង់កំពែងនោះ ចេញថ្លៃថែទាំ ជួសជុល និងសោហ៊ុយផ្សេងៗទៀត (មាត្រា ២២៤ នៃក្រមរដ្ឋប្បវេណី)។ ក្នុងករណីដែលកម្មសិទ្ធិករណាម្នាក់មិនព្រមជួយចេញសោហ៊ុយខាងលើនោះទេ កម្មសិទ្ធិករនោះត្រូវបោះបង់សិទ្ធិលើកំពែងរបស់ខ្លួនទាំងស្រុង ទៅឱ្យអ្នកដែលទទួលបន្ទុកក្នុងការចេញថ្លៃចំណាយតែម្នាក់ឯង។
ចំពោះជញ្ជាំងអឌ្ឍសិទ្ធិវិញ (ជញ្ជាំងជាប់គ្នា) កម្មសិទ្ធិករមានសិទ្ធិ និងកាតព្វកិច្ចមួយចំនួនដែលស្រដៀងគ្នានឹងកំពែងអឌ្ឍសិទ្ធិ និងរបងអឌ្ឍសិទ្ធិដែរ។ អ្នកដែលប្រើជញ្ជាំងរួមគ្នា អាចបោះធ្នឹម ឬរនូត ឬធ្វើការ្យផ្សេងៗ ឱ្យចូលដល់ត្រឹមពាក់កណ្ដាលនៃកម្រាស់ជញ្ជាំងនោះតែប៉ុណ្ណោះ (មាត្រា ២១៨ នៃក្រមរដ្ឋប្បវេណី)។ ឧទាហរណ៍ៈ ក្នុងករណីដែលជញ្ជាំងរួមមួយមានកម្រាស់ ២ តឹក នោះម្ចាស់ជញ្ជាំងម្ខាងៗអាចមានសិទ្ធិបោះដែកគោល ឬធ្នឹមចូលទៅក្នុងជញ្ជាំងនោះបានត្រឹមកម្រាស់ ១ តឹក ប៉ុណ្ណោះ។
មុនពេលធ្វើការចោះជញ្ជាំងឬធ្វើការ្យផ្សេងៗដែលអាចបណ្ដាលឱ្យមានការខូចខាតដល់ជញ្ជាំងអឌ្ឍសិទ្ធិកម្មសិទ្ធិករត្រូវស្នើសុំការអនុញ្ញាតពីកម្មសិទ្ធិករម្ខាងទៀតជាមុនសិន។ ទន្ទឹមនឹងនេះផងដែរ ម្ចាស់កម្មសិទ្ធិលើជញ្ជាំងទាំងសងខាង មានករណីកិច្ចចេញថ្លៃចំណាយលើការជួសជុល និងការសាងសង់ឡើងវិញនូវជញ្ជាំងអឌ្ឍសិទ្ធិ តាមសមាមាត្រទៅនឹងសិទ្ធិម្នាក់ៗ។
ប្រសិនបើមានម្ចាស់កម្មសិទ្ធិណាម្នាក់ គេចវេសមិនព្រមចេញសោហ៊ុយចំណាយលើការជួសជុល ឬសាងសង់ជញ្ជាំងឡើងវិញទេ ម្ចាស់កម្មសិទ្ធិដែលគេចវេសនោះត្រូវ ប្រគល់សិទ្ធិលើជញ្ជាំងទាំងមូលទៅឱ្យម្ចាស់កម្មសិទ្ធិម្នាក់ទៀតផ្ដាច់មុខ។ ម៉្យាងវិញទៀតក្រមរដ្ឋប្បវេណីក៏បានចែងពីវិធីដែលអាចធ្វើឱ្យជញ្ជាំងមិនមែនអឌ្ឍសិទ្ធិ ក្លាយទៅជាជញ្ជាំងអឌ្ឍសិទ្ធិផងដែរ។
ឧទាហរណ៍ថា លោក (ក) បានសង់ជញ្ជាំងនៅលើព្រំដីរបស់គាត និងចេញថ្លៃចំណាយទាំងស្រុងលើការសាងសង់នោះដែលនាំឱ្យជញ្ជាំងខាងលើក្លាយជាកម្មសិទ្ធិ ផ្ដាច់មុខរបស់លោក (ក)។ ក្រោយមកទៀត លោក (ខ) ដែលមានដីនៅជាប់លោក (ក) មានបំណងចង់ប្រើប្រាស់ជញ្ជាំងនោះជាជញ្ជាំងអឌ្ឍសិទ្ធិ (ជញ្ជាំងរួម)។ ដូចនេះ ប្រសិនបើមានការព្រមព្រៀងពីភាគីទាំងសងខាង លោក (ក) អាចអនុញ្ញាតឱ្យលោក (ខ) ប្រើជញ្ជាំងនោះជាជញ្ជាំងរួមបាន ដោយត្រូវតម្រូវឱ្យលោក (ខ) ចេញថ្លៃសោហ៊ុយលើការសាងសង់ជញ្ជាំងពាក់កណ្ដាល និងចេញថ្លៃដីដែលជញ្ជាំងនោះស្ថិតនៅលើពាក់កណ្ដាល (មាត្រា ២២០ នៃក្រមរដ្ឋប្បវេណី)។
សរុបជារួមមក អ្នកដែលមានជញ្ជាំង របង ឬកំពែងផ្សេងៗនៅជាប់គ្នា ឬប្រើរួមគ្នា គួរគប្បីប្រើប្រាស់ប្រកបដោយភាពទទួលខុសត្រូវ ចេះជួយថែរក្សា និងគោរពសិទ្ធិគ្នាទៅវិញទៅមក ដើម្បីជៀសវាងនូវការកើតមានជម្លោះរវាងអ្នកជិតខាងនឹងគ្នា។
ទន្ទឹមនឹងនេះបងប្អូនប្រជាពលរដ្ឋក៏គួរស្វែងយល់ឱ្យច្បាស់អំពីបទបញ្ញត្តិដែលចែងអំពីអឌ្ឍសិទ្ធិភាពខាងលើ ដើម្បីឱ្យដឹងពីទំហំនៃសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ក៏ដូចជាញាតិដែលរស់នៅក្បែរខាងផងដែរ។
រៀបរៀងដោយ៖ លោកមេធាវី ថន យូសៀង និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕