(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទូចដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ ក្រោមជាតិ និងមូលដ្ឋាន ត្រូវបានរួមគ្នាយកចិត្តទុកដាក់ឱ្យបានមុតមាំលើការធ្វើស្រែ ក៏ដូចជាការដាំដុះដំណាំឡើងវិញក្រោយទឹកជំនន់របស់ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី បានក្រើនរំលឹកអាជ្ញាធរថា មិនត្រូវធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ត្រូវខកបំណង ឬការប្រឹងប្រែងរបស់សម្តេចតេជោ ប្រែអសារបង់នោះឡើយ។
ការក្រើនរំលឹករបស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងក្នុងពេលអញ្ជើញចុះពិនិត្យការធ្វើស្រែឡើងវិញរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ និងកំពង់ធំ នៅថ្ងៃទី២១ និង២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
គ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ស្រូវប្រជាពលរដ្ឋជាច្រើនហិកតា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញវិធានការបន្ទាន់ជំរុញការធ្វើស្រែ និងដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ ក្នុងបំណងជួយស្តារជីវភាពរបស់ពួកគាត់ និងចៀសវាងការខ្វះស្បៀងអាហារ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមន្ត្រីក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទធ្វើសកម្មភាពព្រមគ្នាចែកពូជស្រូវ ជួសជុលប្រឡាយទឹក និងធ្វើផ្លូវលំ ដែលសុទ្ធសឹងជាវិធានការជួយគាំទ្រដល់ការស្តារឡើងវិញនូវការបង្កបង្កើនផលរបស់ពលរដ្ឋរងគ្រោះដោយទឹកជំនន់។
គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា កន្លងទៅនេះ ពូជស្រូវស្រាលមិនប្រកាន់រដូវប្រមាណ ៦ពាន់តោន និងដំណាំរួមផ្សំជិត ៥៦ម៉ឺនកញ្ចប់ ត្រូវបានចែកជូនប្រជាកសិករ ក្រោយពេលជំនន់ទឹកភ្លៀងបានស្រកទៅវិញ។ បន្ថែមពីលើនោះសម្តេចតេជោ ក៏បានបញ្ចេញគ្រឿងចក្រកសិកម្ម និងម៉ាស៊ីនព្រោះស្រូវជាដើម ជួយអន្តរាគមន៍លើការធ្វើស្រែឡើងវិញ។
បច្ចុប្បន្នប្រជាពលរដ្ឋ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការដាំដុះឡើងវិញនេះ។ របាយការណ៍បានបង្ហាញថា ការងារធ្វើស្រែឡើងវិញ នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ សម្រេចបានលទ្ធផលប្រមាណជាង៥០%ភាគរយ, ខេត្តកំពង់ធំសម្រេចបានប្រមាណ ៨៥ភាគរយ និងខេត្តពោធិ៍សាត់ សម្រេចបានជាង ៣៤ភាគរយ។
ខេត្តបាត់ដំបង ធ្វើស្រែបាន ៥,៨៣១ហិកតា លើផ្ទៃដីដែលអាចស្តារឡើងវិញបានចំនួន ១០,៥០០ហិចតា, ខេត្តបន្ទាយមានជ័យ បាន ៥,១១៣ ហិកតាលើផ្ទៃដីអាចស្តារឡើងវិញ ចំនួន ១១,១៦៩ហិកតា, ខេត្តកំពង់ធំ ផ្ទៃដីដាំដុះឡើងវិញ បាន ៦,៣៩២ ហិកតា នៅសល់ ១,១៦៦ហិកតា និងខេត្តពោធិ៍សាត់ ដាំដុះឡើងវិញ បាន ១,១៧៦ហិកតា លើផ្ទៃដីដាំដុះឡើងវិញ ១៧,៨០៤ហិកតា។
លោក ឈាន ហាត់ អាយុ ៥៥ឆ្នាំ ជាពលរដ្ឋនៅភូមិត្នោត ឃុំ កំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបញ្ជាក់ថា លោកទទួលបានពូជស្រូវ ១០០គីឡូក្រាម ដើម្បីដាំដុះឡើងវិញ បន្ទាប់ពីស្រូវរបស់លោកត្រូវលិចលង់ហើយខូចអស់។
ពីលើវាលស្រែដែលទើបភ្ជួររាស់រួច និងកំពុងព្រោះស្រូវឡើងវិញនោះ លោក ឈាន ហាត់ បានបង្ហាញការពេញចិត្ត និង រីករាយ ចំពោះការយកចិត្តទុកដាក់ និងឆ្លើយតបទាន់ពេលវេលារបស់សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធ ធ្វើឱ្យគាត់អាចធ្វើស្រែឡើងវិញ ដើម្បីទ្រទ្រង់ជីវភាព។
លោក ឈាន ហាត់ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមអរគុណដ៏ស្មោះចំពោះសម្តេច ដែលមិនត្រឹមតែជួយប្រជាពលរដ្ឋនា ពេលនេះទេ។ តែសម្តេចជាអ្នកនាំនូវមកសុខសន្តិភាព និងការអភិវឌ្ឍនានារាប់មិនអស់សម្រាប់កម្ពុជា មានផ្លូវ មានសាលារៀ ន មានវត្ត មានការអប់រំ មានទាំងក្តីសង្ឃឹមដូចថ្ងៃនេះ»។
កសិករខេត្តកំពង់ធំរូបនេះបន្ថែមថា «ខ្ញុំមិនសូវជឿលើអ្នកថា និងអ្នកបំផុសបំផុលទេ តែខ្ញុំមើលឃើញអ្នកធ្វើមែនទែន មិនសម្តែង គឺធ្វើឃើញជាលទ្ធផល។ បើមិនមានសម្តេចទេ មិនដឹងថា បានអង្គុយនិយាយគ្នានៅវាលស្រែដូចពេលនេះឬអត់ទេ?»។
នៅចំពោះមុខកសិករកំពុងបង្កបង្កើនផលឡើងវិញ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ថា ការសង្គ្រោះជីវិតពលរដ្ឋ ការលើកឡើងស្ទួយជីវភាព ការស្រោចស្រង់ពលរដ្ឋចេញពីការលំបាក គឺជាមហិច្ឆតា និងបំណងដ៏ធំធេងលើមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ មហិច្ឆតាដ៏មហាសាលនេះ មិនមែនជារឿងថ្មីនោះឡើយ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល គឺមានតាំងពីសម្តេចចេញតស៊ូរំដោះជីវិតប្រជាពលរដ្ឋនាឆ្នាំ១៩៧៧មកម្ល៉េះ។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា ឈរលើស្មារតី និងឆន្ទៈដ៏មុតមាំនេះហើយ ទើបរាល់ពេលពលរដ្ឋមានទុក្ខ តែងមានវត្តមានរបស់សម្តេច ហើយវិធានការជាដំណោះស្រាយត្រូវបានដាក់ចេញបន្ទាន់បន្តបន្ទាប់ ដើម្បីជួយប្រជាពលរដ្ឋ។
«បំណងប្រាថ្នារបស់សម្តេចចង់ឃើញពលរដ្ឋមានសេចក្តី ពលរដ្ឋសប្បាយរីករាយ ពលរដ្ឋមានជីវភាពធូរធារ។ ពេលពលរដ្ឋមានទុក្ខ ក៏ជាពេលលំបាកចិត្តរបស់សម្តេចតេជោដែរ។ បងប្អូនឃើញហើយ ពេញមួយឆ្នាំ២០២០នេះ កម្ពុជាយើង ពលរដ្ឋយើងបានជួបការលំបាកផ្ទួនៗ លំបាកដោយជំងឺកូវីដ១៩ លំបាកដោយគ្រោះទឹកជំនន់ តែសម្តេចតេជោ មិនបានទៅណាចោលពលរដ្ឋឡើយ នៅជាមួយពលរដ្ឋ ដោះស្រាយការលំបាកជាមួយពលរដ្ឋ»។ លោកទេសរដ្ឋមន្ត្រី គន់ គីម បញ្ជាក់។
ក្នុងឱកាសចុះពិនិត្យការបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានក្រើនរំលឹកបន្ថែមដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ ក្រោមជាតិ និងមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ឱ្យមែនទែន លើការបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋ។ លោកបានសង្កត់ធ្ងន់ថា ត្រូវតែចុះពិនិត្យមើលឱ្យដល់វាលស្រែ ហើយដាក់ចេញវិធានការដោះស្រាយលើបញ្ហាប្រឈមទាំងឡាយ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះ «បេសកកម្មរបស់យើងមិនមែនចែកស្រូវពូជ ចែកគ្រាប់ពូជហើយចប់នោះទេ។ យើងត្រូវតែធ្វើយ៉ាងណាឱ្យការដាំដុះឡើងវិញរបស់ប្រជាពលរដ្ឋ បានទទួលផល។ បំណងសម្តេចតេជោ គឺចង់ឃើញការបង្កបង្កើនផលឡើងវិញរបស់ប្រជាពលរដ្ឋបានទទួលផល អាចដោះស្រាយបញ្ហាស្បៀងអាហារ អាចដោះស្រាយការលំបាកក្នុងជីវភាព។ យើងមិនត្រូវឱ្យបំណងសម្តេចតេជោប្រែក្លាយជាអសារបង់នោះឡើយ»។
លោកទេសរដ្ឋមន្ត្រី បានប្រាប់អាជ្ញាធរថា បញ្ហាទឹកជាបញ្ហាចម្បងសម្រាប់ការធ្វើស្រែឡើងវិញរបស់ប្រជាពលរដ្ឋ។ ដូច្នេះអាជ្ញាធរទាំងអស់ ត្រូវតែនាំគ្នាដាក់ចេញវិធានការអន្តរាគមន៍ធ្វើយ៉ាងណា ពលរដ្ឋមានទឹកស្រោចស្រប់ស្រូវរហូតបានផល៕