(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក អូស្មាន ហ្សែរ៉ង់ឌី រដ្ឋមន្រ្តីក្រសួងការបរទេស ចំណាកស្រុក និងប្រជាជនទុយនីស៊ីនៅក្រៅប្រទេស នៃសាធារណរដ្ឋទុយនេស៊ី, លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី ៣៧ (CMF) ដែលនឹងប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងប៉ារីស។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ក្នុងកិច្ចប្រជុំលើកទី៣៧នេះ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងបង្ហាញនូវរបាយការណ៍មួយស្តីពីប្រធានបទនយោបាយ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ រដ្ឋបាល និងហិរញ្ញវត្ថុ ដែលត្រូវបានលើកយកមកពិភាក្សា នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាអចិន្រ្តៃយ៍ហ្វ្រង់កូហ្វូនី (CPF) កាលពីថ្ងៃទី០៤ និង០៥ ខែវិច្ឆិកា កន្លងទៅ។
ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា រដ្ឋមន្រ្តី និងប្រធានគណៈប្រតិភូទាំងអស់ នឹងពិនិត្យមើលលើយុទ្ធសាស្ត្រសេដ្ឋកិច្ចសម្រាប់អង្គការOIF ដំណើរការនៃការកែទម្រង់ ការអនុវត្តគម្រោង និងសកម្មភាពរបស់ អង្គការ OIF ព្រមទាំងផ្លាស់ប្តូរទស្សនៈលើបញ្ហាប្រឈម និងបញ្ហាសេដ្ឋកិច្ចសង្គម ដែលអង្គការ OIF និងពិភពលោកកំពុងជួបប្រទះ ជាពិសេសក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីនឹងកំណត់កាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំលើកក្រោយរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៨ នៅប្រទេសទុយនីស៊ី។
សូមបញ្ជាក់ថា ព្រះករុណា ព្រះនរោត្តម-សីហនុ ព្រះបរមរតនកោដ្ឋ គឺជាបិតាស្ថាបនិក១រូប នៃចលនាហ្វ្រង់កូហ្វូន និងជាមេដឹកនាំលេចធ្លោជាងគេនៃចលនានេះនៅអាស៊ី។ បច្ចុប្បន្ន អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី មានរដ្ឋ និងរដ្ឋាភិបាលសមាជិក ចំនួន ៨៨ (សមាជិកពេញសិទ្ធិ ចំនួន ៥៤ សមាជិកមិនពេញសិទ្ធិ ចំនួន ៧ និងសមាជិកសង្កេតការណ៍ ចំនួន ២៧)៕
ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ក្រសួងការបរទេស៖