(កំពង់ឆ្នាំង)៖ ពលរដ្ឋមួយគ្រួសាររស់នៅក្នុងភូមិដង្ខៅម៉ៅ ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានស្នើសុំតុលាការខេត្ត ជួយដល់គ្រួសាររបស់គាត់ ដើម្បីជួយពន្លឿនការដោះស្រាយ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ដែលភាគីបង្កមិនបានចូលខ្លួនមកធ្វើការដោះស្រាយ ដោយបានពន្យារពេលជាង ៨ខែមកហើយ ខណៈគ្រួសារគាត់មិនទាន់ទទួលបានសំណងអ្វីនៅឡើយ។
ស្ត្រីឈ្មោះ ទួន លីម អាយុ ៣៨ឆ្នាំ បានរៀបរាប់ប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យដឹងថា គាត់មានប្ដីឈ្មោះ ភឹម សារី អាយុ៤០ឆ្នាំ មានកូន៣នាក់ កូនស្រីច្បងបានស្លាប់នៅក្នុងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅសល់កូន២នាក់ ប្រុស១ស្រី១។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានធ្វើឲ្យបាត់បង់ជីវិតកូនស្រីរបស់គាត់ ម្នាក់ឈ្មោះ ឈាន គឹមលី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០ និងប្អូនថ្លៃស្រីរបស់គាត់ម្នាក់ទៀតឈ្មោះ ភឹម ស្រីនាង អាយុ២៨ឆ្នាំ។ ហេតុការណ៍នេះ បានកើតឡើងតាំងតែពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២០ ដែលបង្កឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុនបូព៌ា អាស៉ី ដឹកអ្នកដំណើរ (BPA)។
ស្ត្រីខាងលើបានរៀបរាប់ទៀតថា នៅថ្ងៃកើតហេតុកូនស្រីរបស់គាត់ និងប្អូនស្រីម្នាក់ទៀត បានជិះម៉ូតូមួយគ្រឿងឌុបគ្នា២នាក់ ធ្វើដំណើរទៅលេងផ្ទះយាយរបស់គេនៅឃុំត្រពាំងចាន់ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥។ លុះទៅដល់ផ្លូវបត់ចូលវត្តយុគន្ធរ ដែលមានចម្ងាយពីផ្ទះរបស់គាត់ប្រមាណជា៣គីឡូម៉ែត្រ ក៏ត្រូវបានរថយន្តក្រុងខាងលើដែលធ្វើដំណើរស្របទិសគ្នា មកបុកកូនស្រី និងប្អូនស្រី របស់គាត់ទាំងពីរនាក់ទាំងកំរោលបណ្ដាលឲ្យរងរបួសធ្ងន់ និងដឹកដល់មន្ទីរពេទ្យបានដាច់ខ្យល់ស្លាប់ទាំងពីរនាក់មីង និងក្មួយតែម្តង។
បន្ទាប់ពីកើតហេតុ តៃកុងរថយន្តបានឈប់រថយន្ត និងបានចុះរត់គេចខ្លួនបាត់នាខណៈនោះដែរ។ ក្រោយសមត្ថកិច្ចធ្វើការវាស់វែងនៅកន្លែងកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់នេះ គឺភាគីរថយន្តក្រុងជាអ្នកបង្ក ដែលបានទៅបុកកូនស្រី និងប្អូនស្រីរបស់គាត់នៅចំណែកផ្លូវក្រាលគ្រួសក្រហម ហួសចិញ្ចើម ថ្នល់ជាតិទៅហើយ។ ក្រោយមកតំណាងក្រុមហ៊ុនបានចូលខ្លួន មកដោះស្រាយម្ដងដែរ ដោយកាលណោះក្រុមហ៊ុនហ៊ានចេញសងតែតម្លៃ ៤,៥០០ដុល្លារ ទៅលើមនុស្សស្លាប់ ២នាក់ និងខូចខាតទាំងស្រុងនូវម៉ូតូសង់ ០១១មួយគ្រឿង ដែលគាត់ទើបនឹងទិញជិះបានតែជាង១ខែ តម្លៃ១,៧០០ដុល្លារ (ម៉ូតូខូចខាតទាំងស្រុង)។
លោកស្រីបន្តថា លុះក្រោយមកទៀត បន្ទាប់ពីកើតហេតុបានប្រមាណជាង២ខែ តំណាងក្រុមហ៊ុនបានទូរស័ព្ទមកចរចាផ្ទាល់ជាមួយគាត់ ដោយព្រមព្រៀងគ្នាក្នុងតម្លៃ ៦,០០០ដុល្លារ តែការសន្យា របស់ក្រុមហ៊ុនគឺសន្យាតែខ្យល់ មិនដែលយកប្រាក់មកប្រគល់ជូនគាត់តាមពាក្យសន្យានោះទេ។ ពេលគាត់ទូរស័ព្ទទៅសួរនាំ តំណាងក្រុមហ៊ុនរូបនោះ បានប្រាប់ថា ចាំសប្តាហ៍ក្រោយ ខណៈការសន្យាមួយសប្តាហ៍ហើយ មួយសប្តាហ៍ទៀត រយៈពេល៣សប្តាហ៍ ពេលគាត់ទាក់ទងទៅសួរនាំ ទូរស័ព្ទទាក់ទងលែងបានរហូតសព្វថ្ងៃ។ គាត់បានបញ្ជាក់ទៀតថា តាំងតែពីកូនស្រីនិងប្អូនស្រីជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត មកដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺមានរយៈពេលជិត៨ខែហើយ។
ស្ត្រីជាម្ដាយ និងជាបងរបស់សព និងកូនៗរួមទាំងលោក យាយជាម្ដាយ បានលើកដៃសំពះអង្វរដល់សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាស្ថាប័នតុលាការ សូមលោកមេត្តាជួយកោះហៅតំណាង ក្រុមហ៊ុនរថយន្តក្រុងខាងលើនេះ មកធ្វើការដោះស្រាយជាមួយនឹងក្រុមគ្រួសាររបស់គាត់ ឲ្យ បានឆាប់ផង ព្រោះនៅពេលដែលកូនស្រី និងប្អូនស្រីស្លាប់ភ្លាម ក្រុមគ្រួសារបានខ្ចីប្រាក់គេ ដើម្បីយកមកធ្វើ បុណ្យសព នឹងធ្វើបុណ្យ៧ថ្ងៃ ដោយត្រូវចំណាយប្រាក់អស់ជាច្រើន។
ហេតុនេះគាត់មិនមានប្រាក់ដើម្បីសងគេនោះទេ ដោយកន្លងមកសង្ឃឹមទៅលើក្រុមហ៊ុនរថយន្តក្រុង ដែលធានាថានឹងជួយសងបានខ្លះ ដើម្បីដោះបំណុលគេ តែមកដល់សព្វថ្ងៃតំណាង ក្រុមហ៊ុនមិនបានចូលខ្លួនមកដោះស្រាយជាមួយនឹងក្រុមគ្រួសារគាត់នោះឡើយ។ ម្យ៉ាងទៀតសព្វ ថ្ងៃនេះគាត់ពុំមានមុខរបររកស៉ីទេ។
លោកស្រីថា ពីដើមមកគាត់បានទៅធ្វើការរោងចក្រកាត់ដេរ តែតាំងពីប្អូនស្រីបានស្លាប់ទៅ ភារៈទាំងអស់នេះ ត្រូវធ្លាក់មកលើរូបគាត់ទាំងអស់ ដោយត្រូវនៅផ្ទះមើលថែទាំម្ដាយក្មេក ដែលមានជំងឺប្រចាំកាយមិនអាចងើបរួចពីកន្ទេល និងបានឆ្លៀតចិញ្ចឹមមាន់ខ្លះផង ដាក់អំពូលយកចង្រិតលក់បានបន្តិចបន្តួច ដើម្បីយកមើលម្ដាយ និងដោះស្រាយជីវភាពក្នុងគ្រួសារ និងសង បំណុលគេខ្លះ ចំណែកប្តីរបស់គាត់សព្វថ្ងៃបានចូលធ្វើការរោងចក្រនឹងគេដែរ។
ករណីនេះ លោក ឈឹម សារុន នាយការិយាល័យចរាចរ ណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះថា ពាក់ព័ន្ធនឹងករណីនេះ លោកបានបញ្ជូនសំណុំរឿង ទៅតុលាការហើយ។
ដោយឡែកលោក ជា សារ៉េន ក្រឡាបញ្ជីរបស់ចៅក្រម នៃសាលាដំបូងខេត្តកំពង់ឆ្នាំង បានឲ្យដឹងផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានមនុស្ស ២នាក់ បាត់បង់ជីវិតខាងលើនេះ សំណុំរឿងបានមកដល់ដៃចៅក្រមហើយ ដោយទើបតែនឹងបានទទួលដែរទេ៕