(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងលោកស្រី លាង ហៃ ជាវតាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស នៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ដោយចូលរួម ពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ក្នុងពិធីសំណេះសំណាលនោះ លោក ជាវ តាយ បានឲ្យថា ការបើកសម្ពោធដាក់ឲ្យដំណើរការសង្វាក់ផលិតកម្មឡឥដ្ឋរបស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ដែលបានបោះទីតាំង នៅក្នុងភូមិសាស្ត្រការលើ ពិតជាបានរួមចំណែកយ៉ាងធំធេង ពីវិស័យឯកជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។
ជាពិសេសវិស័យសំណង់នៅក្នងខេត្ត ឲ្យមានកំណើនឡើងជាលំដាប់ ហើយក៏បានបង្កើតឱកាសការងារជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង។
សូមបញ្ជាក់ថា សង្វាក់ផលិតកម្មឡឥដ្ឋ របស់សហគ្រាសផលិតកំបោរ និងម៉្សៅបៀកភ្នំមាស ស្ថិតលើផ្ទៃដី៤០ហិចតា ចំណាយដើមទុន៩លានដុល្លា មានភាគហ៊ុនខ្មែរ-ចិន ៥០ភាគរយបូក ៥០ភាគរយ ប្រើប្រាស់កម្មករសរុប១៧០នាក់។
ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងរួមជាមួយភាពទំនើប ដែលមានសង្វាក់ផលិតកម្មស្វ័យប្រវត្តិមានសមត្ថភាពផលិតឥដ្ឋក្នុងមួយថ្ងៃ ៨០ម៉ឺនដុំ សម្រាប់លក់នៅទីផ្សារក្នុង និងក្រៅស្រុក ចំពោះវត្ថុធាតុដើមយកផលិត គឺយកនៅក្នុងភូមិសាស្ត្រស្រុកអង្គរជ័យផ្ទាល់៕