(ប៉ៃលិន)៖ បន្ទាប់ពីលេចឮដំណឹងថា មានសត្វគោជាច្រើនក្បាលទទួលរងការឆ្លងរោគរាតត្បាតទូទាំងខេត្តប៉ៃលិន ឥឡូវប្រជាពលរដ្ឋអ្នកចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារ ក៏កំពុងព្រួយបារម្ភ ខណៈជ្រូកដែលពួកគាត់ចិញ្ចឹមឆ្លងជំងឺបណ្តាលឱ្យឈឺងាប់ជាបន្តបន្ទាប់។

ពាក់ព័ន្ធនឹងបញ្ហានេះកសិករឈ្មោះ ជុំ ទិត្យ អាយុ៣៥ឆ្នាំ និងប្រពន្ធ ឈ្មោះ កែវ ស្រី អាយុ៣០ឆ្នាំ បានចិញ្ចឹមជ្រូកជាង៣០ក្បាល ងាប់អស់ជាង១០ក្បាល និងឈ្មោះ ជុំ គា ភេទប្រុស អាយុ៣២ឆ្នាំ ក៏ចិញ្ចឹមជ្រូកជាង ៣០ក្បាលដែរ គឺបានឈឺងាប់អស់២ ទៅ៣ក្បាល រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ពួកគាត់បានឱ្យដឹងដូចៗគ្នាថា កាលពីប៉ុន្មានខែកន្លងទៅនេះ ជ្រូករបស់ពួកគាត់ កើតជំងឺរមាស់ពេញខ្លួន បែកពពុះមាត់ អត់ស៊ីបាយ បណ្តាលឱ្យស្គមស្គាំងស្លាប់ជាបណ្តើរៗ ធ្វើឱ្យមានការព្រួយបារម្ភតែម្តង។

ទោះបីជាហៅពេទ្យសត្វឯកជន ទៅចាក់ថ្នាំព្យាបាលយ៉ាងណា ក៏មិនអាចជាសះស្បើយនោះឡើយ ដោយចាក់ម្តងៗ ចំណាយអស់ថវិកាជាច្រើន។ លុះក្រោយមកពួកគាត់ក៏ទិញថ្នាំពេទ្យ យកទៅចាក់ព្យាបាលខ្លួនឯង ប៉ុន្តែជ្រូកខ្លះក៏ជាសះស្បើយឡើងវិញ ជ្រូកខ្លះក៏អត់ជាបណ្តាលឱ្យងាប់តែម្តង ព្រោះគ្មានជំនាញច្បាស់លាស់ ទើបនឹកឃើញឱ្យខាងព័ត៌មានជួយចុះផ្សាយ ដើម្បីឮដំណឹងដល់ពេទ្យសត្វចុះទៅជួយសង្គ្រោះទាន់ពេលវេលា។

ពាក់ព័ន្ធបញ្ហានេះលោក ខៀវ សុថុន ប្រធានការិយាល័យផលិតកម្ម និងបសុសត្វខេត្តប៉ៃលិន បានឱ្យដឹងថា ដោយសារតែកាលពីថ្មីៗ កន្លងទៅនេះមានភ្លៀងធ្លាក់ជោកជាំខ្លាំងពេកបណ្តាលឱ្យសត្វគោ ទទួលរងការកើតជំងឺ ទើបខាងលោកដឹកនាំមន្រ្តីក្រោមឱវាទ ចុះព្យាបាលទាន់ពេលវេលា ហើយសត្វគោនៅតាមភូមិ ក៏ជិតជាសះស្បើយអស់ដែរ ដោយខាងលោកក៏បានពន្យល់ណែនាំពីរបៀបការពារ កុំឱ្យសត្វឆ្លងជំងឺពីមួយទៅមួយ និងពន្យល់ពីរបៀបថែទាំសុខភាពសត្វទាំងអស់ផងដែរ។

ប្រធានការិយាល័យរូបនេះ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន កាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ មានសត្វជ្រូកចិញ្ចឹមជាច្រើនក្បាលនៅក្នុងភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ទទួលរងការឈឺ និងងាប់ មួយចំនួនខាងលោកនឹងបន្តចុះចាក់ថ្នាំព្យាបាលនៅពេលឆាប់ៗ ខាងមុខនេះ។

លោកបញ្ជាក់ថា ចំណែកឯសត្វគោចិញ្ចឹមរបស់ប្រជាពលរដ្ឋតាមភូមិ ខាងលោកនឹងចុះចាក់វ៉ាក់សាំងការពារជំងឺនៅពេលក្រោយ ដើម្បីកុំឱ្យឈឺឆ្លងពីមួយក្បាលទៅមួយក្បាល ដែលជាហេតុធ្វើឱ្យមានការលំបាកក្នុងការទប់ស្កាត់ផងដែរ៕