(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ ចំនួន២,២០១នាក់ មកពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន៨ ដើម្បីចូលរួមសង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ គឺជាជនជាតិខ្មែរ ឬជនបរទេសដែលជាសមាជិកនៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលត្រូវបានទទួលស្គាល់ និងអនុញ្ញាតដោយ គ.ជ.ប ។
សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាត ឲ្យធ្វើជាអ្នកសង្កេតការណ៍ ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។
ការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ បាននិងកំពុងប្រព្រឹត្តទៅពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់ គ.ជ.ប៖