(កំពត)៖ ក្រុមការងារដើម្បីចុះជួយដឹកនាំពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម តាមបណ្ដាខេត្តជាប់ដែនសមុទ្រ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំពិនិត្យការងារពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅស្នងការដ្ឋាននគរបាលខេត្តកំពត។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ, ឧត្តមសេនីយ៍ឯក យឹម លាង និងឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរង និងជាអនុប្រធានក្រុមការងារ ព្រមទាំងមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បែងចែកក្រុមការងារដើម្បីចុះជួយដឹកនាំពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម តាមបណ្ដាខេត្តជាប់ដែនសមុទ្រ។ ក្នុងលិខិតបង្គាប់ការនោះ បានប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ជាប្រធាន។
យោងតាមលិខិតបង្គាប់ការលេខ០០៦ល.ប.ក របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ក្រុមការងារមាន ភារកិច្ចចុះពង្រឹងនៅខេត្តទាំងបួនជាប់តំបន់ឆ្នេរ ដើម្បីពិនិត្យ ណែនាំរៀបចំផែនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ឆ្លើយតបនឹងសភាពការណ៍ជាក់ស្តែង និងស្របតាមគោលការណ៍ ផែនការទិសដៅនានារបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ដែលបានដាក់ចេញ ជាពិសេសការចាត់តាំងអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាពជូន ប្រជាពលរដ្ឋ អ្នកវិនិយោគិន អ្នកទេសចរណ៍ ជាតិ និងអន្តរជាតិ។
ជាមួយគ្នានេះដែរ ពិនិត្យវាយតម្លៃសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ដោយត្រូវអនុវត្តតាមបទបញ្ជារបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ដាក់ចេញវិធានការដឹកនាំស្របតាមការវិវឌ្ឍរីកចម្រើនថ្មីៗ តាមដានការអនុវត្តន៍របស់ ស្នងការដ្ឋាននគរបាលខេត្ត ទាំង៤ជាប់តំបន់ឆ្នេរស្នើសុំការអនុញ្ញាតប្រើកម្លាំងអន្តរាគមន៍ ដើម្បីដោះស្រាយសភាពការណ៍ចាំបាច់មួយចំនួន ពីអគ្គស្នងការនគរបាលជាតិ។
បន្ទាប់ពីកិច្ចប្រជុំគណៈប្រតិភូបានអញ្ជើញពិនិត្យមើល អំពីអង្គភាពនគរបាលកងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងកន្លែងហ្វឹកហាត់បាញ់គ្រាប់ពិត របស់ស្នងការដ្ឋាននគរបាលខេត្តផងដែរ៕