(កណ្ដាល)៖ រថយន្តដឹកទំនិញមួយគ្រឿងបើកវ៉ាជែង រថយន្តមួយគ្រឿងទៀត ជ្រុលទៅបុករថយន្តបុកកម្មករ ដែលកំពុងឈប់ចាំដាក់កម្មករ-កម្មការិនី លើផ្លូវបញ្ជ្រាស់ទិស និងបុកម៉ូតូមួយគ្រឿង បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងរបួស៧នាក់ រីឯតៃកុងឡានបង្កត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាល ឃាត់ខ្លួនភ្លាមៗ។
ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បើតាមប្រភពបានបញ្ជាក់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាល ឱ្យដឹងថា រថយន្តម៉ាក Hyundai ធុនដឹកទំនិញធំ ពណ៌ស ផ្លាកលេខភ្នំពេញ 3B-0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ខេត្តត្បូងឃ្មុំ រួមដំណើរ ២នាក់ បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកពីក្រោយរថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មករ រោងចក្រទៅធ្វើការ អ្នករួមដំណើរ២៨នាក់។
ក្រោយមករថយន្តបានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀត ដែលបើកបញ្ច្រាសទិសគ្នាជាមួយ ម៉ូតូម៉ាក Honda Cub 50 ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 1M-5937 បើកបរដោយឈ្មោះ ជាន ស៊ីដែន ភេទប្រុស អាយុ២០ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្ដាលឱ្យរងគ្រោះមនុស្សចំនួន៧នាក់ និងស្លាប់ម្នាក់ នៅកន្លែងកើតហេតុ, អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល ដើម្បីសង្រ្គោះបន្ទាន់ផងដែរ។ ដោយឡែកតៃកុងរថយន្តត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ប្រភពបានបញ្ជាក់ទៀតថា យោងតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺដោយសារអ្នកបើកបររថយន្តបង្កបើកល្បឿនវ៉ាជែង មិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន៕