(ត្បូងឃ្មុំ)៖ លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមជនបង្គោលទទួលបន្ទុកការងារយុវជនស្រុកពញាក្រែក បានចែករំលែក បទពិសោធន៍ជាច្រើនរបស់ឥស្សរជន និងបុគ្គលជោគជ័យនានា ដើម្បីជាការលើកទឹកចិត្តដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងលើកទឹកចិត្តបេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៩-២០២០ នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក វិទ្យាល័យ ជា ស៊ីម កណ្ដោលជ្រុំ និងវិទ្យាល័យ ហេង សំរិន អន្លង់ជ្រៃ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលស្រុកពញាក្រែក ដោយមានការចូលរួមពីលោក លី សុភាលីន អភិបាលស្រុកពញាក្រែកផងដែរ។
លោក លី សុភាលីន បានកោតសរសើរបេក្ខជនប្រឡងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រតាមរយៈប្រព័ន្ធព័ត៌មានវិទ្យានាពេលកន្លងមក និងជំរុញឱ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងជាបន្ដទៀត ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។
លោក ឡេង តុង បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាលតែងយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះយុវជនគ្រប់ៗរូប ជាពិសេសចំពោះ សិស្សានុសិស្សដែលត្រូវចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិ ឆ្នាំសិក្សា២០១៩-២០២០ ដែលទទួលរងផលវិបាកដោយសារវិបត្តិជំងឺកូវីដ-១៩។
លោកក៏បានចែករំលែកនូវបទពិសោធន៍ជាច្រើនរបស់ឥស្សរជន និងបុគ្គលជោគជ័យនានា ដើម្បីជាការលើកទឹកចិត្តដល់បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ ដោយលោកបានលើកឡើងថាការរៀនសូត្រពីបទពិសោធន៍របស់អ្នកដទៃ ធ្វើឱ្យមិនបាច់ចំណាយធនធានរបស់ខ្លួន។
ទម្រាំទទួលបានជោគជ័យ បុគ្គលជោគជ័យជាច្រើនធ្លាប់ទទួលការបរាជ័យរាប់មិនអស់ ហើយបទពិសោធន៍ល្អៗទាំងអស់នោះ បានសរសេរនៅក្នុងសៀវភៅជាច្រើន ដែលសិស្សានុសិស្សអាចសិក្សារៀនសូត្រ តាមរយៈការអានសៀវភៅទាំងនោះបាន។
លោក ឡេង តុង ក៏មានមតិផ្ដាំផ្ញើ ដោយជំរុញឱ្យបេក្ខជនទាំងអស់ត្រូវថែទាំសុខភាព ខិតខំរៀនសូត្រ ចេះលើកទឹកចិត្តខ្លួនឯង កសាងខ្លួនជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំរបស់ជាតិនាពេលអនាគត។
ក្នុងឱកាសនោះ លោក ឡេង តុង ក៏បានពាំនាំនូវអំណោយរបស់លោក ហ៊ុន ម៉ាណែត និងលោកស្រី រួមមានសៀវភៅសរសេរ ប៊ិច សៀវភៅស្ដីពីការលើកទឹកចិត្ត និងថវិកាមួយចំនួនដែលសរុបជាទឹកប្រាក់ចំនួន ១០ លានរៀល ប្រគល់ជូនលោកគ្រូអ្នកគ្រូ បេក្ខជនត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៃវិទ្យាល័យទាំង ៣ និងក្រុមកីឡាករបាល់ទាត់យុវជនស្រុកពញាក្រែកផងដែរ៕