(ភ្នំពេញ)៖ នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុក និងជួញដូរគ្រឿងញៀន ចំនួន២ទីតាំងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងដកហូតបានថ្នាំញៀនជាង៥គីឡូក្រាម។
ទីតាំងទី១៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤៖៣៥នាទី កម្លាំងជំនាញ (ក៧) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរនូវគ្រឿងញៀន ដោយខុសច្បាប់ នៅចំណុចបន្ទប់ជួល ផ្លូវលំ ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រតិបត្ដិការនេះ ដឹកនាំដោយលោកនាយករង វ័រ វុទ្ធ និងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ។
ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អ៊ុល ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ និងវត្ថុតាងចាប់យកបាន សារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៣២៩៨.៥៤ក្រាម។
ទីតាំងទី២៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២៖០០នាទី កម្លាំងជំនាញ (ក៤) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកស៊ើបអង្កេតស្រាវជ្រាវ បង្ក្រាបករណីរក្សាទុក ជួញដូរនូវគ្រឿងញៀន នៅចំណុចផ្លូវលេខ២១៧ មុខផ្សារស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្ដិការនេះ ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ ព្រមទាំងមានការសម្របសម្រួលពីលោក សឿង មុនីរត្ន័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ថង ប៊ុនមី ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ, វត្ថុតាងចាប់យកបាន សារធាតុញៀន ប្រភេទម៉េតំហ្វេមីន (ICE) ទម្ងន់សុទ្ធ១០៨៦.៧៥ក្រាម។
ការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕