(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា បញ្ហាគ្រឿងញៀនខុសច្បាប់ គឺជាបទល្មើស ឆ្លងដែនដ៏គ្រោះថ្នាក់មួយ ក្នុងចំណោមបទល្មើសដែលបានកំណត់ ក្នុងវិសាលភាព នៃឧក្រិដ្ឋកម្មឆ្លងដែន ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់បំផុត។
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ស្ដីពីការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន AMMTC លើទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធតាមប្រព័ន្ធវីដេអូ ពីទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា បច្ចុប្បន្ននេះថ្វីដ្បិតការរាតត្បាតជំងឺកូវីដ១៩ បង្កការរាំងស្ទះ និងការរឹតបន្តឹងនានា ដល់ការធ្វើដំណើរឆ្លងដែន ក្នុងប្រទេស ក្នុងតំបន់ និងសកលោកក្ដី កម្ពុជាកត់សម្គាល់ឃើញថា ការជួញដូរ គ្រឿងញៀនខុសច្បាប់ នៅតែជាបញ្ហាដ៏ក្ដៅគគុក ដែលកំពុងបង្កផលប៉ះពាល់ ប្រទាក់ក្រឡាគ្នា យ៉ាងស្មុគស្មាញដល់សន្តិសុខ សុវត្ថិភាព សុខមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីក្រុង និងជនបទ។
សម្ដេចក្រឡាហោម ស ខេង បានឲ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចកម្ពុជា បានបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធបានប្រមាណ១,៣០០០នាក់។ ក្នុងនោះករណីមួយចំនួនធំ ត្រូវបាននាំចូលតាមព្រំដែនគោក និងតាមការស្រាវជ្រាវ ព្រមទាំងបទពិសោធន៍កន្លងមក អនុតំបន់មេគង្គ ពិសេសតំបន់ត្រីកោណមាស នៅតែជាចំណុចកណ្ដាល នៃការផលិត និងចរាចរណ៍គ្រឿងញៀនខុសច្បាប់ រួមទាំងប្រភេទគ្រឿងញៀនសំយោគ សម្រាប់ឧក្រិដ្ឋជនបន្តចែកចាយក្នុងតំបន់ និងពិភពលោក។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ទោះបីកន្លងមកមានការបង្ក្រាបគ្រឿងញៀនមួយចំនួននៅបរទេស ដែលលមានប្រភពផ្ញើចេញពី ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែកម្ពុជាក៏ជាប្រទេស រងគ្រោះដោយសារគ្រឿងញៀន និងគ្រាន់តែជាទីតាំងឆ្លងកាត់របស់ជនល្មើសប៉ុណ្ណោះ ហើយកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ។
សម្ដេចក្រឡហោម ស ខេង បានចាត់ទុកសកម្មភាពដូចបានបញ្ជាក់ខាងលើនេះថា បាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ មកលើដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដែលចាំបាច់ត្រូវមានវិធានការ ជាក់ស្ដែងបន្ទាន់ ដើម្បីកាត់បន្ថយហានីភ័យដ៏គ្រោះថ្នាក់នេះ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនរដ្ឋមន្រ្តីអាស៊ានថា ដោយមើលឃើញនូវគ្រោះថ្នាក់ និងមហន្តរាយសង្គមធ្ងន់ធ្ងរ បង្កឡើងដោយគ្រឿងញៀន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយន្តការជាក់លាក់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រៀងរាល់៦ខែម្ដង ដោយសម្ដេចផ្ទាល់ គឺជាប្រធានយុទ្ធនាការនេះ។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសរំលេចថា ចាប់តាំងពីបង្កើតឡើង នៅឆ្នាំ២០១៧ យុទ្ធនាការនេះបានអនុវត្តចំនួន៥លើករួចមកហើយ ដោយបានរឹបអូសគ្រឿងញៀនគ្រប់ប្រភេទជាច្រើនតោន និងចាប់បញ្ជូនជនល្មើស ទៅទទួលការផ្ដន្ទាទោសជាច្រើនរយនាក់។ យុទ្ធនាការនេះ ក៏បានផ្ដោតលើការស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន ដើម្បីធ្វើសមាហរណកម្មពួកគេ ទៅក្នុងសង្គមវិញផងដែរ៕