(ភ្នំពេញ)៖ សណ្ឋាគារផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃដែលត្រូវបានវិនិយោគ ក្នុងទំហំទឹកប្រាក់ជិត ១៨០លានដុល្លារ (ទាំងតម្លៃសាងសង់ និងទីតាំង) ដោយក្រុមហ៊ុន ជីប ម៉ុង ត្រៀមខ្លួនបើកទ្វារស្វាគមន៍អតិថិជនជាតិ និងអន្តរជាតិ ក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមចំណែកបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្ច។
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់លោកស្រីអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាម្ចាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ដែលជាសណ្ឋាគារលំដាប់ពិភពលោក មានប្រភពកំណើតពីសហរដ្ឋអាមេរិក បានរៀបចំពិធីក្រុងពាលី ដើម្បីបួងសួងសុំសេចក្តីសុខ និងភាពរីកចម្រើនឲ្យកើតមានដល់ពេលដែលសណ្ឋាគារ ត្រូវបានបើកដំណើរការជាផ្លូវការ។
សណ្ឋាគារបែបប្រណិត ដែលមានដល់ទៅ ២៤៧បន្ទប់ស្នាក់នៅនេះ ស្ថិតនៅចំកណ្តាលបេះដូង នៃរាជធានីភ្នំពេញផ្សារភ្ជាប់ភ្ញៀវទេសចរ និងធុរជនពីគ្រប់ទិសទី នៃសកលលោកមកកាន់ប្រទេសកម្ពុជា លើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណិត ក្នុងវិស័យទេសចរណ៍ ជាពិសេសបង្កើតឱកាសការងារ ដ៏សន្ធឹកសន្ធាប់សម្រាប់ប្រជាជនកម្ពុជា។
ជីប ម៉ុង យកចិត្តទុកក្នុងការងារអភិរក្សសម្បត្តិបតិកភណ្ឌ តាមរយៈការរក្សាទុក និងការជួសជុលអគារសម័យបារាំងកម្ពស់ពីរជាន់នៅកណ្តាលសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដើម្បីបង្ហាញពីតុល្យភាព នៃសម័យបុរាណ និងសម័យទំនើបរបស់ប្រទេសកម្ពុជា។ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ជាគម្រោងសណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងបង្អស់របស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតយក្សមួយ ដែលតែងតែផ្តោតទៅលើការចូលរួមបរិច្ចាគ ទៅកាន់សង្គមវិញ។
មិនទាន់នឹងចាប់ផ្តើមដំណើរការផង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បាននាំមកនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងមូលដ្ឋានជុំវិញគម្រោង ដើម្បីជាប្រយោជន៍រួម សម្រាប់សហគមន៍។ ជាក់ស្តែងការជួសជុល និងស្ថាបនាពង្រីកផ្លូវលេខ១៧៨ និងដាក់លូសងខាងចាប់ពីមហាវិថីព្រះនរោត្តម ដល់វិថីព្រះស៊ីសុវត្ថិ ដែលចំណាយអស់ទឹកប្រាក់ជាង ៦០ម៉ឺនដុល្លារ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់សាធារណជនដែលធ្វើដំណើរកាត់សណ្ឋាគារ។
វត្តមានរបស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នឹងនាំមកនូវការធ្វើឲ្យកាន់តែប្រសើរឡើងសោភ័ណភាពរាជធានីភ្នំពេញ ក្នុងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្ម ដ៏សម្បូរបែបមួយនេះ។
ហៃយ៉ាត រីជិនស៊ី ជាយីហោមួយរបស់ ហៃយ៉ាត់ ហូថេល ខបភើរិសិន ដែលជាក្រុមហ៊ុនសណ្ឋាគារសហរដ្ឋអាមេរិក មានវត្តមានក្នុងទីផ្សារអន្តរជាតិរយៈពេល ជាង៦ទសវត្ស ហើយដែលមកដល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ហៃយ៉ាត់ មានចំនួនសរុប៩៥០ នៅក្នុង ៦៧ប្រទេស ក្នុង៦ទ្វីប លើពិភពលោក៕