(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតមួយច្បាប់ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ថ្លែងអំណរគុណក្រុមហ៊ុន ដែលបានផ្តល់យន្តហោះ៣គ្រឿង ដឹកម៉ាស់ និងបរិក្ខារពេទ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ យន្តហោះ៣គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ បានដឹកម៉ាស់ ២លាន ១សែន និងបរិក្ខារពេទ្យសរុប ១២មុខ សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា។
ម៉ាស់ និងបរិក្ខារទាំងនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចាត់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលដឹកជញ្ជូនទៅប្រគល់ដល់មីយ៉ាន់ម៉ា។
អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។
ការផ្តល់ជំនួយម៉ាស់ និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ មិនមែនជាលើកទី១ឡើយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជំនួយបែបនេះទៅកាន់ប្រទេសឡាវផងដែរ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ជាការចូលរួមចំណែកនៅក្នុងសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទៅតាមលទ្ធភាពរបស់កម្ពុជា៕