(កណ្ដាល)៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកម្មវិធីទស្សនកិច្ចសិក្សា របស់កសិករគំរូដាំដុះបន្លែ មកកាន់កសិដ្ឋានបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅភូមិក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
សមាសភាពអញ្ជើញចូលរួមមាន៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, តំណាងមន្ទីរកសិកម្មខេត្តកណ្តាល, តំណាងអាជ្ញាធរ ស្រុក ឃុំ និងកសិករគំរូ ចំនួន៦២គ្រួសារ ក្នុងខេត្តកណ្តាល។
លោក កៅ ថាច បានគូសរំលេចជូនដល់បងប្អូនកសិករគំរូ ដែលមានវត្តមាន អំពីមូលហេតុចម្បងមួយចំនួន ដែលនាំឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ចូលរួមគាំទ្រគម្រោងកសិដ្ឋានបន្លែសុវត្ថិភាពកោះធំនេះ ឲ្យចេញជារូបរាងឡើង។
ទី១៖ អំពីការផ្គត់ផ្គង់បន្លែ របស់បងប្អូនកសិករខ្មែរ ចូលទីផ្សារនៅមានកំរិត និងមិនអាចឆ្លើយតបបានគ្រប់គ្រាន់ សម្រាប់ការប្រើសប្រាស់ក្នុងស្រុក ដូចនេះ យើងត្រូវធ្វើការនាំចូលបន្លែបន្ថែមពីក្រៅប្រទេស។ លោកថា ក្នុងករណីយើងទាំងអស់គ្នា ពិតជាបានទទួលស្គាល់ហើយថា បន្លែនាំចូលទាំងនោះមួយចំនួន បានផ្ទុកសារធាតុគីមី ដែលធ្វើឲ្យប៉ះពាល់សុខមាលភាព បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់។
លោកបន្ដថា ហេតុនេះហើយបានជាធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្នុងនាមលោកផ្ទាល់ ចង់ឃើញប្រជាកសិករខ្មែរ ដាំដុះបន្លែដោយគ្មានជាតិគីមី និងមានសុវត្ថិភាពខ្ពស់ឲ្យបានច្រើន ដើម្បីធ្វើការផ្គត់ផ្គង់បន្លែក្នុងស្រុកឲ្យបានគ្រប់គ្រាន់ មាននិរន្តភាព និងអាចឈានដល់ការនាំចេញ បានទៅក្រៅប្រទេសបាន។
ដូចនេះ តាមរយៈទស្សកិច្ចសិក្សារបស់កសិករគំរូនៅថ្ងៃនេះ លោក កៅ ថាច បានស្នើសុំដល់បងប្អូនប្រជាកសិករ ធ្វើការពង្រឹង និងពង្រីកសមត្ថភាព ការដាំដុះបន្លែសុវត្ថិឲ្យបានទិន្នផលខ្ពស់ ដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារ ជំនួសឲ្យការនាំចូលបន្លែពីក្រៅប្រទេស។
ទី២៖ អំពីបច្ចេកទេសដាំដុះបន្លែរបស់បងប្អូននៅមានកំរិត និងមានផ្នត់គំនិតមិនមែនជាសហគ្រិន។ ពាក់ព័ន្ធចំនុចនេះ តាមរយៈកម្មវិធីទស្សនកិច្ចសិក្សា លោក កៅ ថាច ចង់ទាញចំណាប់អារម្មណ៍ របស់បងប្អូនកសិករគំរូ ឲ្យមានឆន្ទះមុះមុតក្នុងការកែប្រែទំលាប់ ការដាំដុះបន្លែដោយធ្វើក្នុងនាមសហគ្រិន ពោលគឺការដាំដុះបន្លែ ដើម្បីធ្វើជាពាណិជ្ចកម្ម ផ្គត់ផ្គង់ក្នុងស្រុក ឲ្យបានគ្រប់គ្រាន់ និងមានសមត្ថភាពអាចនាំចេញទៅក្រៅប្រទេសបាន។
លោក កៅ ថាច មានជំនឿជាក់ថា កាលណាបងប្អូនការកែប្រែទម្លាប់ ក្នុងការដាំដុះបាន នោះជីវភាពរបស់ប្អូននឹងមានការកែប្រែកាន់តែប្រសើរ និងជួយកាត់បន្ថយភាពក្រីក្រ របស់បងប្អូនប្រជាពលរដ្ឋបាន។
ទី៣៖ អំពីការយកចិត្តទុកដាក់ អំពីគោលការណ៍ស្តង់ដារសុវត្ថិភាព ក្នុងឱកាសនេះលោក កៅ ថាច បានធ្វើការស្នើសុំបងប្អូនជាកសិករ ដាំដុះបន្លែសូមធ្វើការយកចិត្ត ទុកដាក់ខ្ពស់ អំពីគុណភាព និងអនុវត្តតាមគោលការណ៍កសិកម្មល្អ។
ក្នុងឱកាសនោះ លោក កៅ ថាច ក៏បានអរគុណដល់កសិដ្ឋានបន្លែសុវត្ថិភាពកោះធំ ដែលបានអនុញ្ញាតបងប្អូនកសិករ ចូលមកទស្សនកិច្ចសិក្សានៅថ្ងៃនេះ និងជាពិសេស ដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីកសិកម្មខេត្តផងដែរ៕