(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំចំណុចសំខាន់ចំនួន២ ឲ្យប្រតិបត្តិករផ្តល់សេវាអ៉ីធឺណេតអស់នៅកម្ពុជា អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
ការងារសំខាន់ទាំងពីរ ដែលរដ្ឋម ន្ត្រី ជា វ៉ាន់ដេត ណែនាំដល់ប្រតិបត្តិកររួមមាន៖ ១. ត្រូវប្រកាសចំណូលជូនរដ្ឋ និងបង់ពន្ធឱ្យបានត្រឹមត្រូវ ប្រកបដោយតម្លាភាព ស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន និង២៖ ត្រូវតភ្ជាប់ការបង្ហូរទិន្នន័យជាមួយមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ (DMC) យ៉ាងយូត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ជាកំហិត។ នេះបើតាមការផ្សព្វផ្សាយលើ Facebook ផ្លូវការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាពីវឌ្ឍនភាព នៃការធ្វើអធិការកិច្ចបច្ចេកទេស និងហិរញ្ញវត្ថុ ជាមួយប្រតិបត្តិករផ្តល់សេវាអ៉ីនធឺណិត (ISP) នាពេលថ្មីៗនេះ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីម្ដងទៀត អំពីកំណែទម្រង់ផ្ទៃក្នុងក្រសួង ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងគុណភាព ព្រមទាំងកំណែទម្រង់វិស័យប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងជំរុញការប្រកួតប្រជែងស្មោះត្រង់។
បន្ថែមលើកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនសរសេរលិខិតបញ្ជាក់ពីសំណូមពរ និងបញ្ហាប្រឈម ដែលក្រុមហ៊ុនបានជួបប្រទះ ដើម្បីក្រសួងអាចពិនិត្យ និងផ្តល់ដំណោះស្រាយតាមស្ថានភាពជាក់ស្ដែង៕