(ភ្នំពេញ)៖ រដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ បានផ្ដល់អំណោយជារថយន្ដពន្លត់អគ្គិភ័យ ចំនួន១២គ្រឿង ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីប្រើប្រាស់តាមតម្រូវការ សំដៅថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានករណីអគ្គិភ័យកើតឡើង។
ពិធីប្រគល់-ទទួលរថយន្ដពន្លត់អគ្គិភ័យនេះ ធ្វើឡើងក្រោមអធិបតីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ រថយន្ដពន្លត់អគ្គិភ័យនេះ រដ្ឋបាលខេត្តឃ្យុងគី ផ្តល់ជូនអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈលោក ថោង ខុន។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ក្នុងនាមថ្នាក់ដឹកនាំនគរបាលទូទាំងប្រទេស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខេត្តឃ្យុងគី ដែលបានផ្តល់នូវរថយន្តពន្លត់អគ្គិភ័យ ដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីយកទៅពង្រឹងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានប្តេជ្ញាខិតខំអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិមកកម្ពុជាឲ្យកាន់តែមានសេចក្តីសុខថែមទៀតផងដែរ។
ជាមួយគ្នានេះ លោក ថោង ខុន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគ្គស្នងការដ្ឋាននរគបាលជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារនាយកដ្ឋានវិនិយោគទេសចរណ៍ នៃក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកគាំទ្រ និងផ្តល់កិច្ចសម្របសម្រួលទាក់ទងការនាំចូលរថយន្ត និងបរិក្ខាទាំងនោះ។
លោករដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋបាលខេត្តឃ្យុងគី នៃសាធារណៈរដ្ឋកូរ៉េ ជាពិសេស លោកស្រី Lee You Jin នាយកអង្គការ Go & Do International ប្រចាំនៅកម្ពុជា ដែលបាននិងកំពុងបន្តជួយគាំទ្រផ្តល់នូវរថយន្តពេទ្យសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គិភ័យដល់កម្ពុជា កន្លងមក។
បើតាមលោក ថោង ខុន ទន្ទឹមនឹងគម្រោងដែលមានបច្ចុប្បន្នផ្តល់ជា រថយន្តពន្លត់អគី្គភ័យ រថយន្តពេទ្យសង្គ្រោះ (Ambulance) ដល់បណ្តាខេត្តនានា សម្រាប់គម្រោងទៅអនាគត លោកស្នើសុំក្រុមការងារមេត្តាជួយដល់ការរៀបចំ និងពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពភ្ញៀវទេសចរ នៅតាមតំបន់រមណីយដ្ឋាន ទេសចរណ៍សំខាន់នៅកម្ពុជា តាមរយៈជំនួយជារថយន្តពេទ្យ និងរថយន្ត Minibus ឬ Minvan ប្រចាំការរបស់នគរបាលទេសចរណ៍ សម្រាប់ប្រចាំការនៅតាមរមណីយដ្ឋានសំខាន់នានា។
សូមបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំង១២គ្រឿងនេះ នឹងផ្តល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៦ រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន០៣គ្រឿង, ខេត្តកោះកុង ចំនួន០២គ្រឿង, ខេត្តកែប ចំនួន០២គ្រឿង, ខេត្តកំពង់ឆ្នាំង ចំនួន០២គ្រឿង, ខេត្តស្វាយរៀង ចំនួន០២គ្រឿង និងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ចំនួន០១គ្រឿង៕