(ភ្នំពេញ)៖ ក្រោយពីកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោកអាស៊ាន លើកទី២១ (21st ACAMM) តាមរយៈប្រព័ន្ធ Virtual Conference លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តជួបប្រជុំតាមរយៈប្រព័ន្ធ Virtual Conference ជាមួយឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ជំនួបនេះធ្វើឡើងតបតាមសំណើរបស់ឧត្តមសេនីយ៍ទោ GOH SI HOU ដើម្បីរក្សាការភ្ជាប់ទំនាក់ទំនងល្អ និងបន្តជំរុញកិច្ចសហប្រត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។
គួររំលឹកផងដែរថា លោកឧត្តមសេនីយ៍ទោ GOH SI HOU ទើបបានដឹកនាំគណៈប្រតិភូកងទ័ពជើងគោកសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែមករា ឆ្នាំ២០២០កន្លងទៅ។
ក្នុងជំនួបលើកនេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាព នៃជំងឺកូវីដ-១៩ នៅកម្ពុជា និងសិង្ហបុរី ជាពិសេសផលប៉ះពាល់ផ្នែកសង្គម និងសេដ្ឋកិច្ច ដែលកើតមានបន្ទាប់ពី មានការរាតត្បាតក្នុងតំបន់ និងពិភពលោកក្នុងរយៈពេលជិត១ឆ្នាំកន្លងមកនេះ និងបានចែករំលែកផ្លាស់ប្តូរបទពិសោធន៍ល្អៗ ទៅវិញទៅមកលើការចូលរួមរបស់កងទ័ពជើងគោក នៃប្រទេសទាំងពីរ ជាមួយរដ្ឋាភិបាលរបស់ខ្លួន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសាកលនេះ។
ក្រៅពីនេះ ភាគីទាំងពីរ ក៏បានឯកភាពបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងផ្នែកអប់រំបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញសំខាន់ៗ មួយចំនួន ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរសា្រលឡើងវិញ កិច្ចសហប្រតិបត្តិការទាំងនេះ នឹងកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត៕