(កំពង់ចាម)៖ លោកបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងផ្ដាំផ្ញើដល់ក្មេងៗជំនាន់ក្រោយ ឲ្យបានដឹងថា ក្មួយៗដែលជាសិស្សានុសិស្ស គឺជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សយ៉ាងសំខាន់ សម្រាប់សង្គមជាតិយើង ត្រូវនាំគ្នាខិតខំរៀនសូត្រ ដើម្បីក្រេបយកចំណេះដឹងជួយដល់សង្គមជាតិ និងគ្រួសារ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
ការថ្លែងបែបនេះរបស់លោកបណ្ឌិត គឺក្នុងឱកាសដែលលោក និងលោកស្រី ហ៊ុន ប៊ុនធឿន អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា នៃសាលាបឋមសិក្សាភ្នំវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
លោកបណ្ឌិតបានបន្តទៀតថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានការអនុវត្តគោលនយោបាយឈ្នះឈ្នះ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតដល់បច្ចុប្បន្ន បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីតែមួយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបណ្ឌិត ស៊ាង ប៊ុនលាង បានថ្លែងបន្ថែមឲ្យដឹងថា តាមរយៈសមាគមខ្មែរសតវត្សទី២១ បានផ្តល់ជំនួយជាថវិកាក្នុងការសាងសង់អគារសិក្សាជាច្រើនខ្នង ដែលអង្គការ TDO របស់សប្បុរសជនជប៉ុន បានផ្តល់ជូនកម្ពុជា ជាបន្តបន្ទាប់។ ជាក់ស្តែងអគារសិក្សា ១ខ្នងមាន៣បន្ទប់ បំពាក់សម្ភារៈបរិក្ខារួចជាស្រេច ដែលជាអំណោយរបស់លោកស្រី គីតាហារ៉ា មីយូមិ សប្បុរសជនជប៉ុនដែលមានលោក ត្សូណេជិ ណេហ្គីស្ហ៊ី ជាតំណាងតាមរយៈប្រធានអង្គការ TDO ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាសជាផ្លូវការ នៅថ្ងៃនេះ ក្នុងគោលបំណងលើកស្ទួយវិស័យអប់រំ ក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរ។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋក្នុងភូមិបឹងវែង បានសម្តែងអារម្មណ៍សប្បាយរីករាយ ចូលរួមអបអរសាទរ និងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់លោកបណ្ឌិត និងលោកស្រីដែលបានអញ្ជើញ ជាកិត្តិយស ក្នុងថ្ងៃសម្ពោធអគារសិក្សានេះ។ ជាពិសេសអង្គការសប្បុរសជនជប៉ុន ដែលបានសាងសង់អគារបឋមសិក្សា ជាប្រយោជន៍រួមដល់សិស្សានុសិស្ស ដើម្បីលើកស្ទួយវិស័យអប់រំកម្ពុជា ដែលជាវិស័យយ៉ាងសំខាន់ មិនអាចខ្វះបាន។
ទន្ទឹមគ្នានោះ លោកបណ្ឌិត និងលោកស្រី ក៏បានបំពាក់មេដាយ ជូនប័ណ្ណសរសើរដល់លោក ត្សូណេជិ ណេហ្គីស្ហ៊ី ជាតំណាងអង្គការសប្បុរសជនជប៉ុន និងបាននាំយកអំណោយចែកជូនប្រជាពលរដ្ឋ, សិស្សានុសិស្ស, យុវជនកាកបាទក្រហម, យុវជនកាយរិទ្ធ, យុវជន ស.ស.យ.ក, ប្រជាការពារភូមិ, រួមទាំងមន្រ្តីកងកម្លាំង ៣ប្រភេទផងដែរ។ សូមបញ្ជាក់ថា ចំនួនថវិកានៃការសាងសង់អគារសិក្សា រួមនិងអំណោយ គិតជាថវិកាសរុបចំនួន ៥៥.៥២២ ដុល្លាអាមេរិក៕