(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី Win Koko នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ចប់អាណត្តិ បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យទាំងស៊ីវិល និងយោធាប្រកបដោយគុណភាព និងមានសុខសន្តិភាពទូទាំងប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការកោតសសើរ និងវាយតម្លៃខ្ពស់បែបនេះរបស់នាយការិយាល័យអនុព័ន្ធយោធាមីយ៉ាន់ម៉ា ចប់អាណត្តិបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅក្នុងឱកាសលោកត្រូវបាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ អនុញ្ញាតឱ្យចូលជួបពិភាក្សាការងារ សម្តែងការគួរសម និងជម្រាបលា នៅទីស្តីការគណៈរដ្ឋមន្ត្រី អគាមិត្តភាព។
ឧត្តមសេនីយ៍ត្រី Win Koko បានថ្លែងថា ក្នុងឱកាសដែលលោកបានមកបំពេញភារកិច្ចជាប្រធានសេនាអនុព័ន្ធយោធាមីយ៉ាន់ម៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជា រយៈពេលប៉ុន្មានឆ្នាំមកនេះ គឺលោកមានការសប្បាយចិត្តយ៉ាងខ្លាំង ហើយប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា ជាប្រទេសដែលមានទំនៀមទំលាប់ និងគោរពជំនឿលើព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងមានវប្បធម៌ចំណាស់ដូចគ្នា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ឧត្តមសេនីយ៍ត្រី Win Koko បានបន្តថា នៅក្នុងអាណត្តិរបស់លោកនៅកម្ពុជា លោកមានឱកាសសិក្សាជាច្រើនអមពីរចនាសម្ព័ន្ធ នៃកងយោធពលខេមរភូមិន្ទកម្ពុជា និងកាតព្វកិច្ចតាមឋានានុក្រមទាំងសកម្មភាពស៊ីវិល និងកងទ័ពកម្ពុជា ជាពិសេសនៅក្នុងអាណត្តិរបស់លោកនៅកម្ពុជា លោកមានឱកាសសិក្សាលើជំនាញជាច្រើន ដើម្បីឧត្តមប្រយោជន៍សម្រាប់អាជីពរបស់លោក ក៏ដូចជាសម្រាប់ប្រជាជន និងប្រទេសជាតិរបស់លោកជាដើម។
ឧត្តមសេនីយ៍ត្រី Win Koko បានបន្ថែមយ៉ាងដូច្នេះថា៖ «រយៈពេលប៉ុន្មានឆ្នាំមកនេះ លោកបានសិក្សាពីបេតិកភណ្ឌ និងវប្បធម៌របស់កម្ពុជា គឺជាឱកាស និងមានគុណតម្លៃមិនអាចកាត់ថ្លៃបាន។ លោកថា តាមរយៈការបំពេញភារកិច្ចនៅក្នុងប្រទេសកម្ពុជា លោកបានសង្កេតឃើញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជា មានសន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យដោយចីរភាព គុណភាព ស្ថិរភាព និងសុខសន្តិភាពមានគ្រប់ទីកន្លែងទូទាំងប្រទេស»។
ឧត្តមសេនីយ៍ត្រី Win Koko បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងរីកចម្រើនប្រកបដោយគុណភាព នាពេលអនាគត ជាមួយនឹងសន្ទុះកាន់តែខ្លាំងឡើងជាលំដាប់ ខ្ញុំមានមោទភាពយ៉ាងខ្លាំងដែលរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រងការរីករាតត្បាតជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់»។
ឧត្តមសេនីយ៍ត្រី Win Koko បានថ្លែងអំណគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមមទាំងប្រជាជនកម្ពុជាទាំងអស់ ដែលបានប្រគល់ម៉ាសចំនួន២លាន ១សែនម៉ាស ព្រមទាំងសម្ភារវេជ្ជសាស្ត្រ សម្រាប់ការពារជំងឺកូវីដ-១៩ ដល់រដ្ឋាភិបាល និងប្រជាជនម៉ាយ៉ាន់ម៉ាថ្មីៗនេះ។
ជាមួយគ្នានេះដែរ លោកសូមជូនព្រះពរដល់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ និងកងយោធពលខេមរភូមិន្ទទាំងអស់ សូមឱ្យមានព្រជន្មាយុយឺនយូរ និងមានសុខភាពល្អ។
ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ, នាយឧត្តមសេនីយ៍ នាង ផាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចការងារកន្លងមកទាំងវិស័យកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-មីយ៉ាន់ម៉ា។
នាយឧត្តមសេនីយ៍ នាង ផាត បានកោតសសើរចំពោះលោកឧត្តមសេនីយ៍ត្រី Win Koko ក្នុងដំណើរបំពេញភារកិច្ចនៅកម្ពុជាកន្លងមកនេះ ដែលធ្វើឱ្យចំណងមិត្តភាពប្រទេសទាំងពីរកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសរវាងកងទ័ពនៃប្រទេសទាំងពីរ ជាដើម។
នាយឧត្តមសេនីយ៍ នាង ផាត សង្ឃឹមថាបណ្តាប្រទេសទាំងអស់នឹងរួមគ្នាទប់ស្កាត់ការីករាតត្បាតជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធខ្ពស់បន្ថែមទៀត ឱ្យខានតែបានជាពិសេសក្នុងការចែកបទពិសោធន៍គ្នាទៅវិញទៅមកចំពោះកិច្ចការងារនេះ ផងដែរ។ បន្ថែមពីនេះបើទោះបីប្រទេសកម្ពុជាតូច និងមានការលំបាកមួយចំនួន ប៉ុន្តែ កម្ពុជា មិនភ្លេចនូវវប្បធម៌ចែករំលែកនោះទេ ជាក់ស្តែងថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជូនម៉ាស ២លាន ១សែនម៉ាស និងសម្ភារការពារជំងឺកូវីដ-១៩ ដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងរដ្ឋាភិបាលឡាវ ផងដេរ។
នាយឧត្តមសេនីយ៍ បានបន្ថែមថា នៅពេលជំងឺកូវីដ-១៩ បានធូរស្រាលប្រទេសទាំងនឹងបើកជើងហោះហើរឡើងវិញ ប្រទេសទាំងពីរនឹងបង្កើនចំនួនសិក្ខាកាមឱ្យកាន់តែច្រើនឡើងបន្ថែមទៀតជាដើម៕