(ភ្នំពេញ)៖ ផែនការអភិវឌ្ឍគោលដៅទេសចរណ៍ធំៗចំនួន ៦ ត្រូវបានគណៈកម្មការអន្តរក្រសួងជ្រើសរើសកំណត់ និងដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២០-២០៣៥ ខណៈតំបន់គោលដៅទេសចរណ៍ទាំងនេះមានទីតាំងភូមិសាស្ត្រ និងសក្ដានុពលសំខាន់ៗផ្សេងៗគ្នា, នេះបើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍។
ការថ្លែងបញ្ជាក់របស់មន្ត្រីជំនាញរបស់ក្រសួងទេសចរណ៍យ៉ាងដូច្នេះ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីពិគ្រោះយោបល់លើសេចក្ដីព្រាងលើកទី៣ នៃផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងទេសចរណ៍។
លោក ជុក ជំនោរ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងកិច្ចប្រជុំខាងលើនេះអង្គប្រជុំបានពិគ្រោះ និងលើកឡើងយោបល់ជាច្រើន ដើម្បីជាធាតុចូលបន្ថែមពាក់ព័ន្ធនឹងវិស័យទឹកស្អាត អគ្គសនី កសិកម្ម រ៉ែ និងថាមពល អគ្គិសនី ដែនដី អាកាសយានដ្ឋាន សហគ្រាសធនតូច និងមធ្យម ហេដ្ឋារចនាសម្ពន្ធ ការរៀបចំនូវនវានុវត្តន៍ អាកាសធាតុ សោភ័ណភាពវាលស្មៅ និងព្រៃព្រឹក្សា ទីក្រុងវៃឆ្លាតជាដើម ដើម្បីឱ្យគោលដៅទេសចរណ៍ខេត្តមណ្ឌលគិរីក្លាយទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងដើម្បីឱ្យមានលក្ខណៈសង្គតភាព។។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការបំពេញនូវធាតុចូលទាំងនេះ គឺដើម្បីចូលរួមអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរីឱ្យកាន់តែមានភាពទាក់ទាញ សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងប្រមាណ ៩០ ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណជាង ២ លាននាក់ផងដែរ នៅឆ្នាំ២០៣៥ ជាមួយនឹងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗស្របតាមស្មារតីនៃផែនការមេនេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីនេះ បានបែងចែកគោលដៅទេសចរណ៍ធំៗចំនួន ៦ ទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាជាដើម ក្នុងនោះរួមមាន៖
* តំបន់អេកូទេសចរណ៍ក្នុងដែនជម្រកសត្វព្រៃ៖ ដោយសារនៅក្នុងខេត្តមណ្ឌលគិរីមានដែនជម្រកសត្វព្រៃចំនួន ៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន និងពោរពេញដោយសក្ដានុពលក្នុងវិស័យអេកូទេសចរណ៍។
* តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច៖ ដែលគោលដៅទេសចរណ៍ទីពីរនេះនឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ដាំ។
* តំបន់ក្រុងសែនមនោរម្យ៖ នឹងអភិវឌ្ឍក្រុងនេះទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។
* តំបន់ប្រជុំជនស្រុកកោះញែក៖ មានសក្ដានុពលជាតំបន់កសិទេសចរណ៍ ពិសេសអាចរៀបចំជាចំណតយន្តហោះលើទឹក (Water Plan) នៅទន្លេស្រែពកនៃស្រុកកោះញែក។ ថ្វីដ្បិតទន្លេស្រែពកមិនអំណោយផលដល់ការធ្វើនាវាចរទេសចរណ៍ ឬដឹកជញ្ជូនមិនបានក៏ពិតមែន (ដោយសារសម្បូរថ្មប៉ប្រះទឹក) តែគេអាចរៀបចំជាចំណតយន្តលើទឹកដូចបណ្ដាប្រទេសមួយចំនួន ដែលឱ្យយន្តហោះហោះហើរមកកាន់តំបន់បឹងទន្លេសាប ឬទៅកាន់កោះរ៉ុងបានទៀតផង។
* តំបន់អាកាសយានដ្ឋានមណ្ឌលគិរី នៅស្រុកអូររាំង៖ ដែលនឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ។
* តំបន់សមាហណកម្មច្រកទ្វារព្រំដែន៖ នៅខេត្តមណ្ឌលគិរីមានច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង ដែលអាចជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ។
លោក ថោង ខុន បានបន្តថា ក្រោយទទួលបានការផ្ដល់យោបល់ខាងលើនេះហើយ ក្រុមការងារជំនាញនឹងសរសេរបន្ថែមនូវធាតុចូលសំខាន់ៗមួយចំនួនទៀតពីអន្តរក្រសួង-ស្ថាប័ន ដើម្បីរៀបចំជាសេចក្ដីព្រាងចុងក្រោយ នឹងបន្តដាក់ជូនគណៈកម្មការអភិវឌ្ឍទេសចរណ៍ថ្នាក់ជាតិនៅចុងខែធ្នូ ឆ្នាំ២០២០។ បន្ទាប់ពីបានឯកភាពពីគណៈកម្មការនេះហើយ នឹងបន្តដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំ២០២១ ខាងមុខតែម្ដង៕