(ភ្នំពេញ)៖ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយរងខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួល មូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីចុងសប្តាហ៍កន្លងទៅ បាននាំយកថវិការបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថជាង ៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី ឯក វឌ្ឍនៈ ជំនួយការ កងវរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខ ជូនដល់ក្រុមគ្រួសារសពរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រកបដោយសមាណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ដែលលោកនាយឧត្តមសេនីយ៍ មានការសោកស្តាយដ៏ក្រៀមក្រំបំផុត ក្នុងការបាត់បង់សមាជិកជាទីស្រលាញ់បំផុតនេះ ដែលលោកគឺជាស្វាមីប្រកបដោយសង្គហធម៌ដ៏ល្អ និងជាឪពុក ជាជីតា ប្រកបដោយព្រហ្មវិហារធម៌ ដែលគ្មានថ្ងៃនឹងអាចត្រឡប់មកវិញបាន។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងដែរថា ដោយជ្រកក្រោមទិសស្លោក «ជួយគិត ជួយធ្វើ រួមទទួលខុសត្រូវ» ដែលជាទិសស្លោកដ៏មានអត្ថន័យរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលតែងតែក្រើនរំលឹកដល់មេបញ្ជាការបណ្តាអង្គភាពទាំងអស់ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចាំបាច់ត្រូវមានស្មារតី មនុស្សធម៌ គុណធម៌ ចូលរួមថែរក្សា និងយកចិត្តទុកដាក់ ទៅលើបងប្អូន កងរាជអាវុធហត្ថទាំងអស់ ដែលនៅក្រោមឱវាទ ជាពិសេសនៅពេលដែលពួកគាត់ កំពុងជួបនូវទុក្ខលំបាក ទើបថ្ងៃនេះលោកនាយឧត្តមសេនីយ៍មេបញ្ជាការ បានចាត់តាំងក្រុមការងារ នាំយកបច្ច័យ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដែលជាគំនិតផ្តួចផ្តើមរបស់ លោកនាយឧត្តមសេនីយ៍ផ្ទាល់ ក្នុងគោលបំណងជួយដោះស្រាយនូវទុក្ខលំបាកភ្លាមៗ របស់សមាជិកក្រុម គ្រួសារនៃសព៕