(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គ្រាដែលកំពុងធ្វើចត្តាឡីស័ក ក្រោយចូលរួមប្រជុំជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ហើយរកឃើញជំងឺកូវីដ-១៩នោះ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបញ្ជាឲ្យបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ នៅក្នុងក្រសួងមហាផ្ទៃ។
តាមរយៈសារសំឡេងផ្ញើទៅកាន់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ឯកឧត្ត សក់ សេដ្ឋា សរសេរបទបញ្ជាមួយមកខ្ញុំ ដើម្បីចុះហត្ថលេខា យើងបិទកន្លែងធ្វើការរបស់អគ្គនាយកដ្ឋានពន្ធនាគារ»។
គួរជម្រាបថា អគ្គនាយកដ្ឋានពន្ធនាគារ ដែលសម្ដេចក្រឡាហោម ស ខេង បញ្ជាបិទបណ្ដោះអាសន្ននេះ មានទីតាំងស្ថិតនៅអគារ N នៃទីស្ដីការក្រសួងមហាផ្ទៃ ប៉ុន្ដែការបិទនេះ មិនតម្រូវឲ្យបិទទាំង ស្រុងនោះទេ ពោលបិទតែកន្លែងធ្វើការផ្ទាល់របស់អគ្គនាយកដ្ឋានពន្ធនាគារប៉ុណ្ណោះ ពោលកន្លែងផ្សេងដែលនៅកន្លែងនេះ គឺនៅធ្វើការធម្មតា។
ក្រោយផ្ទុះនូវព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នេះ មន្ដ្រីក្រសួងមហាផ្ទៃ បានអះអាងថា ថ្នាក់ដឹកនាំបានបញ្ជាភ្លាមៗ ឲ្យមានការបាញ់ថ្នាំសម្លាប់មេរោគ ជាបន្ដបន្ទាប់ផងដែរ ហើយមុននឹងចូល ធ្វើការនៅអគារ N នេះក៏តម្រូវឲ្យឆ្លងកាត់ម៉ាស៉ីនបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតដៃ ដែលរៀបចំដោយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផងដែរ។
ក្នុងសារសំឡេងដដែលនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ ដែលបានទៅពិនិត្យសំណាកកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ម្សិលមិញ ហើយលទ្ធផល បង្ហាញថា អវិជ្ជមានកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែគឺត្រូវបន្ដអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាល ហើយបន្ដធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃផងដែរ ក្នុងនោះ សម្ដេចផ្ទាល់ក៏តម្រូវឲ្យធ្វើបែបនេះផងដែរ។
សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការផ្តល់សិទ្ធិឲ្យរដ្ឋមន្ត្រី និងអភិបាលរាជធានីខេត្ត បិទក្រសួង បិទសាលា បិទអាហារដ្ឋាន ឬទីតាំងពាក់ព័ន្ធព្រឹត្តិការណ៍ «ភរិយាអគ្គនាយកពន្ធនាគារ» និងអំពាវនាវពលរដ្ឋទៅធ្វើតេស្តរកមេរោគដោយមិនអស់ប្រាក់នោះឡើយ។
រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់១៤នាក់៕