(ស្វាយរៀង)៖ ដោយសារជីវភាពខ្វះខាតធ្វើឲ្យស្ត្រីមេម៉ាយម្នាក់ បានចាកចេញពីស្រុកកំណើត ទៅធ្វើជាពលករឆ្លងដែននៅប្រទេសម៉ាឡេស៊ី ដើម្បីបម្រើការងារតាមផ្ទះ ស្វែងរកប្រាក់ចំណូលចិញ្ចឹម កូនស្រីម្នាក់នៅឯស្រុកកំណើត ក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ស្រ្តីរូបនេះ ដោយសារជំងឺកូវីដ-១៩ ពុំអាចមកលេងកូនស្រីជាទីស្រលាញ់បាននោះទេ។
តែអ្វីដែលស្ត្រីម្នាក់នេះកំពុងតែសម្រក់ទឹកភ្នែកដោយសារកូនស្រីរបស់ខ្លួន ដែលស្រឡាញ់ស្មើជីវិត បានចាកចេញពីផ្ទះអស់រយៈពេលជិតមួយសប្តាហ៍ទៅហើយ មិនបានផ្ដល់ដំណឹងដល់សាច់ញាតិ បានដឹងឡើយ ធ្វើឲ្យគាត់ចេញមកអំពាវនាវដល់អ្នកសារព័ត៌មានជួយផ្សព្វផ្សាយឲ្យកូនស្រីវិលមកផ្ទះវិញ។
អ្នកស្រី ម៉ៅ សាវ៉េត អាយុជាង៤០ឆ្នាំ បានរៀបរាប់ឲ្យភ្នាក់ងារ Fresh News ប្រចាំខេត្តស្វាយរៀង ពីប្រទេសម៉ាឡេស៊ីថា ខ្លួនគាត់ជាស្ត្រីមេម៉ាយបានទៅធ្វើនៅប្រទេសម៉ាឡេស៊ីជាង១០ឆ្នាំមកហើយ ដោយបានទុកកូនស្រីជាទីស្រឡាញ់ផ្ញើជាមួយយាយតា ឱ្យមើលថែនៅស្រុកកំណើត ហើយបានផ្ញើថវិកាឱ្យកូនរៀនរហូតចប់ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យស្វាយរៀង។
អ្នកស្រីបានបន្តថា អ្នកស្រីបានបែកពីស្វាមីតាំងតែពីកូននៅក្នុងផ្ទៃពោះមកម្ល៉េះ ហើយបានតស៊ូចិញ្ចឹមកូន រហូតបានចូលរៀនតាំងពីសាលាបឋមសិក្សា រហូតដល់ថ្នាក់សាកលវិទ្យាល័យ។
នៅពេលថ្មីៗនេះ កូនស្រីរបស់អ្នកស្រីបានធ្វើការនៅឲ្យក្រុមហ៊ុនមួយ ហើយក៏មានគូដណ្ដឹងផងដែរ។ ដោយក្តីស្រលាញ់ កូនអ្នកស្រីតែងតែតេទូរស័ព្ទជួបកូនជារៀងរាល់ថ្ងៃ ព្រោះអ្នកស្រីមិនអាចវិញមកស្រុកខ្មែរបានទេ ដោយសារជំងឺកូវីដ-១៩ ហើយមានការនឹករឭកដល់កូនជាពន់ពេក។
អ្នកស្រីបានបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កូនស្រីឈ្មោះម៉ៅ គន្ធា អាយុ២០ឆ្នាំ រស់នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានចាកចេញពីផ្ទះដោយ មិនដឹងមូលហេតុ និងមិនឃើញវិលត្រឡប់មកផ្ទះវិញនោះទេ ធ្វើឲ្យសាច់ញាតិក៏ដូចជា រូបអ្នកស្រីផ្ទាល់មានការបារម្ភជាខ្លាំងខ្លាចកូនមានគ្រោះថ្នាក់ដោយប្រការណាមួយ។
តាមរយៈអង្គភាពព័ត៌មាន Fresh News អ្នកស្រីសូមអំពាវនាវដល់សមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានឃើញរូបកូនស្រី មានភិនភាគដូចក្នុងរូបថត សូមជួយប្រាប់ឲ្យវិល ត្រឡប់មកផ្ទះវិញផង ព្រោះម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង និងសូមទំនាក់ទំនងមកលេខទូរស័ព្ទ ០៩៧ ៨ ០៧០ ២២៥ និង ០៧១ ៧ ៧៧៥ ១៥២៕