(សៀមរាប)៖ ថ្លែងចេញពីខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្រើពេលវេលា ១៥ថ្ងៃ ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ក្រោយផ្ទុះព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ខណៈដើមចមនៃការចម្លងនេះ រកមិនទាន់ឃើញនៅឡើយទេ។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីឲ្យប្រយុទ្ធបានជោគជ័យក្នុងរយៈពេល ១៥ថ្ងៃនេះ មិនអាចពឹងតែលើរាជរដ្ឋាភិបាល និងអាជ្ញាធរនោះទេ គឺត្រូវតែមានការចូលរួមពីប្រជាពលរដ្ឋផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកថា ព្រឹត្តិការណ៍ «សហគម ន៍ ២៨វិច្ឆិកា» គឺជាដំណាក់កាលសាកល្បងដ៏ធំបំផុតរបស់កម្ពុជា ដែលសម្ដេចបានបង្ហាញនូវជំនឿជឿជាក់ថា ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នា ពិសេសអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥលូវនេះយើងអាចនិយាយបានថា យើងគ្រប់គ្រងបានឬមិនបាន ស្ថិតក្នុងរយៈពេល១៥ថ្ងៃខាងមុខ ហើយ១៥ថ្ងៃខាងមុខ វាចំណុះទាំងស្រុងលើការខិតខំរបស់យើងទាំងរដ្ឋ និងប្រជាជន។ ចឹងខ្ញុំសូមអំពាវនាវ១៥ថ្ងៃខាងមុខនេះ (រាប់ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា) ជាដំណាក់កាលសាកល្បងដ៏ធំបំផុតរបស់កម្ពុជា ឆ្លងរួច ឬមិនរួចគឺនៅពេលហ្នឹងឯង បើប្រឹងតែរដ្ឋប្រជាពលរដ្ឋមិនប្រឹងទេ មិនចូលរួមទេ មិនជោគជ័យទេ ប៉ុន្ដែខ្ញុំមានជំនឿថាប្រជាពលរដ្ឋនឹងចូលរួម»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា អះអាងទៀតថា ការគ្រប់គ្រងបាន ឬមិនបាន មិនចំណុះលើជំងឺកូវីដ-១៩នោះទេ ពោលចំណុះលើយើងទាំងអស់គ្នាតែម្ដង។ សម្ដេចបានសង្កត់ធ្ងន់ថា មនុស្សយើងទាំងអស់គ្នា អាចភ្លេចកូវីដ និងអាចស្អប់កូវីដ ប៉ុន្ដែកូវីដមិនដែលស្អប់មនុស្ស ឬភ្លេចមនុស្សនោះទេ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា វិធីយកឈ្នះលើជំងឺកូវីដ-១៩ គឺត្រូវតាំងខ្លួនជាអ្នកចាញ់ ជាអ្នកខ្លាច តែមិនមែនតក់ស្លុត និងភ័យស្លន់ស្លោរនោះទេ ពោលត្រូវពាក់ម៉ាស់ និងលាងដៃជាមួយទឹកអាល់កុល។

គួរជម្រាបថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្រិការណ៍ «សហគមន៍២៨វិច្ឆិកា» ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់១៤នាក់។

ក្រសួងសុខាភិបាលបានបញ្ជាក់ទៀតថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ ចំនួន ៣៣៣២ នាក់ (នៅភ្នំពេញ និងខេត្តចំនួន៧) តែការវិភាគអាចធ្វើបានតែ ២២៤៨សំណាក់ (ត្រឹមម៉ោង១៖៣០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០) ដែលក្នុងចំនួននេះ លទ្ធផលបង្ហាញថា មានវិជ្ជមានកូវីដ១៩ ចំនួន១៤នាក់ (ដោយគិតទាំងអ្នកដែលបានយការណ៍ចំនួន ៦នាក់ ថ្ងៃទី២៨ ខែវិច្ឆិកា និងអ្នករកឃើញ៨នាក់ថ្មី) រីឯចំនួន២២៣៤នាក់ គឺអវិជ្ជមានវីរុសកូវីដ១៩។ ចំនួននៅសល់ ១០៨៤នាក់ទៀត នឹងបន្តវិភាគ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕