(ព្រៃវែង)៖ គ្រោះអគ្គីភ័យបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីមួយ បានកើតឡើងនៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បណ្តាលឱ្យឆាប់ឆេះផ្ទះលោក ជុំ សុភី អាយុ៦០ឆ្នាំ ជា អតីតប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ខូចខាតទាំងស្រុង ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ផ្ទះដែលត្រូវបានអគ្គីភ័យឆាបឆេះនេះមានទំហំ ១២ម៉ែត្រ X ២០ម៉ែត្រ និងបានរាលដាលទៅឆេះជញ្ជាំងផ្ទះមួយខ្នងទៀត អស់ជញ្ជាំងបន្តិចបន្តួច ដែលម្ចាស់ផ្ទះ ឈ្មោះ សួរ គឹមហ៊ន ប្រពន្ធឈ្មោះ អៀង សុខនឿន ដែលមានផ្ទះនៅជាប់គ្នា។

ហេតុការណ៍គ្រោះអគ្គីភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង ប្រើទឹកអស់ចំនួន ៦ឡាន ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ៣គ្រឿង, រថយន្តសាលាខេត្ត ១គ្រឿង, រថយន្តស្រុកស្វាយអន្ទរ ១គ្រឿង និងជាសំណាងល្អមិនមានប៉ះពាល់គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នេះក៏មានថ្នាក់ដឹកនាំខេត្ត ស្នងការនគរបាលខេត្ត អធិកានគរបាលក្រុងព្រៃវែង ចុះធ្វើអន្តរាគមន៍បានទាន់ពេលវេលា មិនបង្ក ឱ្យមានការខូចខាតដល់ផ្ទះដទៃ និងមិនបណ្ដាលឱ្យរងគ្រោះដល់អាយុជីវិត និងម្ចាស់ផ្ទះ និងអ្នកដ៏ទៃផងដែរ៕