(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ទី៧ ខែធ្នូ ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចដាក់ពាក្យប្តឹងឈ្មោះ អ៉ី សំាងឡេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូរស្ថាប័ន គ.ជ.ប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

លោក អ៉ី សាំងឡេង មានតួនាទីជាអនុប្រធានទី១ នៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។

គ.ជ.ប បានបញ្ជាក់ថា មូលហេតុនៃការប្តឹងដោយសារតែឈ្មោះ អ៉ី សំាងឡេង បានបរិហារកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប ថា «ច្បាស់ណាស់ គ.ជ.ប មួយនេះគឺជាចោរ! គឺជាចោរបំផ្លាញជាតិរបស់ពួកយើងដ៏អាក្រក់បំផុត! គឺពួកគេនេះហើយជាអ្នកអនុវត្តផែនការចុះឈ្មោះមនុស្សដោយខុសច្បាប់ ដើម្បីធានាថាបរទេសនៅតែអាចត្រួតត្រាខ្មែរបាននោះ! ភស្តុតាងនេះវាច្បាស់ជាងថ្ងៃទៅទៀត។ ខ្ញុំថាពួកគេគឺជាចោរបែបនេះ ចាំមើលគេមានអ្វីយកមកបដិសេធទៀតមើល!»។

បើតាម គ.ជ.ប, មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញចែងថា «ប្រជាពលរដ្ឋខែ្មរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»។

កម្មវត្ថុនៃបណ្តឹង គឺស្នើសុំឱ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ចំនួន ៣បទលើ្មស រួមមាន៖

* បរិហារកេរ្តិ៍ជាសាធារណៈ
* ជេរប្រមាថជាសាធារណៈ
* ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

បទលើ្មសខាងលើបានប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ តាមប្រព័ន្ធទូរគមនាគមន៍សោតទស្សន៍ ដោយភ្ជាប់ជាមួយសារដែលធ្វើឱ្យមានការភាន់ច្រឡំនាំឱ្យបាត់បង់ទំនុកចិត្តលើស្ថាប័ន គ.ជ.ប ក៏ដូចជាមកលើការបោះឆ្នោត។

លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប និងជាតំណាងឱ្យ គ.ជ.ប នៃបណ្តឹងនេះ បានថ្លែងថា ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកំណត់អំពីព្រំដែននៃសិទ្ធិនេះដែរថា មិនត្រូវប្រើប្រាស់សិទ្ធិរបស់ខ្លួនធ្វើឱ្យប៉ះពាល់ដល់បុគ្គលដទៃ និងសង្គមជាតិ រួមមាន៖

* ប៉ះពាល់ដល់បុគ្គលរួមមានការប៉ះពាល់ដល់សិទ្ធិខាងរូបភាព សិទ្ធិលំនៅឋាន និងការបរិហារកេរ្តិ៍ផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសបុគ្គល ដែលបុគ្គលនៅទីនេះរួមមានទាំងរូបវន្តបុគ្គល និងនីតិបុគ្គល។

* ការប៉ះពាល់ដល់សង្គមជាតិដូចជា ការប្រើសិទ្ធិនោះនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈធ្ងន់ធ្ងរ ឬមានចរិតលក្ខណៈញុះញង់ ដែលនាំឱ្យបាត់បង់នូវសន្តិសុខជាតិ។

លោកបានបន្តថា ការចែកចាយព័ត៌មាន ឬបញ្ចេញមតិតាមរយៈបណ្តាញសង្គម ដោយធ្វើការអះអាងបំផ្លើស ឬការទម្លាក់កំហុសដោយទុច្ចរិតដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិសព្ទរបស់អ្នកដទៃ ឬស្ថាប័នណាមួយរួមទាំងការចែកចាយព័ត៌មានមិនពិត ដែលមានលក្ខណៈញុះញង់ឱ្យមានការប្រព្រឹត្តអំពើហិង្សា ឬបង្កអសន្តិសុខដល់សង្គម គឺជាបទល្មើសព្រហ្មទណ្ឌដែលអ្នកប្រព្រឹត្តត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖