(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៩-២០២០។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។
លិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំបានបញ្ជាក់ថា បន្ទាប់ពីទទួលបានគោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។
ក្រសួងនឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុង ទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។ ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡងតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន សម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងសម្រេចកំណត់ សម័យប្រឡង ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ»៕