(ភ្នំពេញ)៖ គណៈប្រតិភូធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងគណៈប្រតិភូធនាគាររដ្ឋវៀតណាម ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ លើស្ថានភាពសេដ្ឋកិច្ច និងធនាគារនៃប្រទេសទាំងពីរ តាមប្រព័ន្ធអនឡាញ។
គណៈប្រតិភូធនាគាររដ្ឋវៀតណាមបានដឹកនាំដោយលោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។
ជារៀងរាល់ឆ្នាំ ជំនួបទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ។
កិច្ចប្រជុំបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងផ្លែផ្កា ដោយថ្នាក់ដឹកនាំធនាគារកណ្តាលទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចនិងធនាគារនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើននៃវិស័យធនាគារនិងសេដ្ឋកិច្ចក្នុងប្រទេសទាំងពីរ។
អង្គប្រជុំបានកំណត់ទិសដៅការងារអាទិភាព និងបន្តកិច្ចសហប្រតិបត្តិការក្រោមអនុស្សរណយោគយល់ដែលបានធ្វើបច្ចុប្បន្នកម្មកាលពីខែកុម្ភៈ ឆ្នាំ២០១៧ និងបង្កើនវិសាលភាពលើការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានទៅវិញទៅមក ពង្រឹងកិច្ចសហការលើការងាររួមគ្នា ដូចជាទៅលើការត្រួតពិនិត្យលើធនាគារដែលមានប្រតិបត្តិការឆ្លងដែននៅក្នុងប្រទេសទាំងពីរ និងការអភិវឌ្ឍការតភ្ជាប់ប្រព័ន្ធទូទាត់ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស។
ធនាគាររដ្ឋវៀតណាមបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរក្សាបាននូវស្ថិរភាពថ្លៃ និងអត្រាប្តូរប្រាក់ និងពង្រឹងស្ថិរភាពប្រព័ន្ធធនាគារយ៉ាងរឹងមាំ ព្រមទាំងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩បានយ៉ាងល្អ។
លោក ជា ចាន់តូ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានបន្តផ្តល់អាហារូបករណ៍ តាមរយៈធនាគាររដ្ឋវៀតណាមដល់មន្ត្រីធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សាថ្នាក់អនុបណ្ឌិតនិងបណ្ឌិតនៅប្រទេសវៀតណាមថែមទៀតផងដែរ៕