(ភ្នំពេញ)៖ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៤០ នៅទីក្រុងទុយនីស ប្រទេសទុយនីស៊ីដែលមាន១៣០ប្រទេស លើពិភពលោក ចូលរួមកាលពីម៉ោង១១៖៣០នាទីយប់ថ្ងៃទី៩ ខែធ្នូ រហូតដល់ម៉ោងជាង១រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែធ្នូ (ម៉ោងនៅក្នុងប្រទេសកម្ពុជា) ដែលមានរបៀបវារៈជាច្រើន មានទាំងការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិក ការអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំ និងសំណើរគម្រោងថវិកាផងដែរ។
កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២នេះ ប្រទេសកម្ពុជាក៏ជាសមាជិកផងដែរ ដោយបានបើកកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេងនៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងនេះ មានរបៀបវារៈជាច្រើនដូចជា៖
*ការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិក
*ការអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍សមាគមលើកទី៩១ តាមរយៈការបញ្ជូនរូបភាព និងសម្លេងកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០
*ការបោះឆ្នោតពានរង្វាន់ស្ត្រីប្រើប្រាស់ភាសាបារាំងប្រចាំឆ្នាំ
*សេចក្តីថ្លែងការណ៍ដោយលោក រតនា គារិក ស្តីពីគណនីឆ្នាំសារពើពន្ធដែលកំពុងអនុវត្ត និងសំណើរគម្រោងថវិកាឆ្នាំ២០២១
*សេចក្តីថ្លែងការដោយលោកអគ្គលេខាធិការ
*គម្រោងថ្មី នៃមូលនីធិសហប្រតិបត្តការ
*ការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកការិយាល័យអចិន្ត្រៃយ៍
*ការពិនិត្យលើសំណើសុំទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតសម្រាប់ឆ្នាំបន្ទាប់២០២១ តាមគ្រោងនឹងធ្វើនៅទីក្រុង bordaux ប្រទេសបារាំង៕