(ភ្នំពេញ)៖ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រាគ្រុប បាននាំទឹកប្រាក់ចំនួន ១លានដុល្លារយកទៅប្រគល់ ជូនឯកឧត្ដម សេង ទៀង ដើម្បីចូលរួមទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រួចរាល់ហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ។
ទឹកប្រាក់ចំនួន ១លានដុល្លារនេះ លោកឧកញ៉ាបានយកទៅប្រគល់ជូនលោក សេង ទៀង ដោយផ្ទាល់តែម្ដង។ នេះជាកាយវិការសប្បុរសដ៏ធំធេង ដែលមិនអាចបំភ្លេចបាន ក្នុងការចូលរួមជួយដល់សង្គមរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជានិច្ចកាលលោកឧកញ៉ាវ័យក្មេង ដែលធ្លាប់មានប្រវត្តិ ជាពលករធ្វើការនៅប្រទេសកូរ៉េរូបនេះ តែងតែជួយដល់សង្គមជានិច្ច។
គេនៅចាំបានថា កាលពីពេលថ្មីៗនេះ លោកឧកញ៉ាទើបតែបានបរិច្ចាគចំនួន ៦០ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០តោន ចូលរួមជាមួយសម្ដេចតេជោ ជួយដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ផងដែរ។
ការចូលរួមបរិច្ចាគរបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានគេមើលឃើញថា បានធ្វើឡើងមុនគេភ្លាមៗតែម្ដង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ បន្ទាប់មកឃើញមានលោកឧកញ៉ា អ្នកឧកញ៉ា ព្រមទាំងសប្បុរសជនជាច្រើនទៀត បានចូលរួមបរិច្ចាគជាបន្តបន្ទាប់។
ស្មារតីសាមគ្គីភាព វប្បធម៌ នៃការចែករំលែក ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ក្នុងចំណោមប្រជាជនកម្ពុជាយើង ត្រូវបានគេមើលឃើញថា មានទំហំធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាព របស់ប្រជាជនដ៏រឹងមាំ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕