(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ លោក ហ៊ុន ដេវីត និងក្រុមគ្រួសារ បានឧបត្ថម្ភម៉ាស និងជេលចំនួន៧០០ឈុត ជូនដល់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីចូលរួមជាមួយ នឹងរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោក ហ៊ុន ដេវីត បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា កន្លងមកមានរយៈពេល០១ឆ្នាំពេញ ដែលយើងទាំងគ្នាបានដឹងហើយថា មានវត្តមាននៃការឆ្លងរីករាលដាលនៃជំងឺកូវីត១៩នេះ ទូទាំងពិភពលោក ក្នុងនោះរួមមាន ប្រទេសកម្ពុជាផងដែរ។
លោកថា «វត្តមាននៃជំងឺកូវីដ១៩នេះ បានបណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើការឆ្លងនឹងមានតួលេខខ្ពស់ នៃប្រជាជននៅទូរទាំងពិភពលោក ដែលបានស្លាប់បាត់បង់ជីវិត មិននឹកស្មានដល់ ហើយបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើការខាតបង់គ្រប់វិស័យ»។
ក្នុងនាមលោកជាកូនខ្មែរមួយរូបដែលទទួលរងផលប៉ះពាល់ដូចគ្នាលោក និងក្រុមគ្រួសារបានបង្កើតមូលនិធិនេះឡើង ដើម្បីរួមចំណែកជាមួយនឹងប្រមុខរាជរដ្ឋាភិបាល ទៅតាមលទ្ធភាព។ ថ្ងៃនេះលោកបានការបរិច្ចាគម៉ាស និងជេលមានចំនួន៧០០ឈុត ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីទុកជូនខណ្ឌ ដើម្បីចែកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលកំពុងមានភាពខ្វះខាតសម្រាប់ការប្រើប្រាស់ការពារ នៃការឆ្លងរីករាលនៃជំងឺដ៏កាចសាហាវកូវីដ១៩នេះ។
ក្នុងពេលទទួលម៉ាស និងជេល ពីលោក ហ៊ុន ដេវីត, លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានថ្លែងថា លោកពិតជាមានសេចក្តីសប្បាយចិត្តយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ដេវីត និងក្រុមគ្រួសារ ក្នុងការរួមចំណែកជួយមកដល់អធិការដ្ឋានខណ្ឌ តាមរយៈការបរិច្ចាគម៉ាស និងជេល ចំនួន៧០០ឈុតនេះ ដើម្បីជួយមកដល់ប្រជាពលរដ្ឋដែលរស់នៅមានភាពខ្វះខាតនៅតាមមូលដ្ឋានមួយចំនួន ក្នុងការយកទៅប្រើប្រាស់ការពារចៀសឆ្ងាយពីការឆ្លងនៃជំងឺកូវីដ១៩។
លោកអធិការ ម៉ៅ សឿត និងលោក ហ៊ុន ដេវីត បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា សូមចូលរួមប្រើម៉ាស និងជេលនៅគ្រប់ទីកន្លែងសាធារណ និងរក្សាគម្លាតសុវត្ថិភាពតាមការណែនាំក្រសួងសុខាភិបាល នៅគ្រប់ទីកន្លែងធ្វើការ ឬទីប្រជុំជន។ ជាចុងក្រោយលោក ហ៊ុន ដេវីត សូមជូនពរបងប្អូនប្រជាពលរដ្ឋកម្ពុជាមានសុខភាពល្អ៕