(ភ្នំពេញ)៖ ភោជនីយដ្ឋាន ឃីយ៉ូ អូម៉ាកាសេ (KYŌ Omakase) បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

គួរជម្រាបថា ឃីយ៉ូ អូម៉ាកាសេ (KYŌ Omakase) គឺជាភោជនីយដ្ឋានម្ហូបជប៉ុនថ្មីបំផុត នៅក្នុងរាជធានីភ្នំពេញ ដែលមានការតុបតែងបែបជប៉ុន យ៉ាងស្រស់ប្រណិត។ រីឯចុងភៅពីររូបរបស់ភោជនីយដ្ឋាន គឺជាចុងភៅជនជាតិជប៉ុន ដែលមានថ្វីដៃយ៉ាងប៉ិនប្រសប់ បូករួមជាមួយស្តង់ដារអនាម័យខ្ពស់។ ភោជនីយដ្ឋានក៏បានអនុវត្តតាមក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ទាក់ទងនឹងការប្រឆាំង Covid-19៕