(ភ្នំពេញ)៖ ក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បាននាំយកថវិកាមូលនិធិរៃអង្គាសពីសមាជិករបស់ខ្លួន មានចំនួនសរុប ៤,៣៥៥ ដុល្លារអាមេរិក យកទៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។
លោក វង្ស គីមហួត ប្រធានក្រុម VKH Cross Country និងជាតំណាងក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា បានឱ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមពីសំណាក់លោក ទៀ សុខា និងលោក ញឹម សុវណ្ណារ៉ូ បានង្កើតមូលនិធិរ៉ៃអង្គាសថវិកាពីសមាជិកក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា បានចំនួន ៤,៣៥៥ ដុល្លារ។
លោក វង្ស គីមហួត បានបន្តថា ទោះបីមូលនិធិនេះមិនច្រើនក្ដី ប៉ុន្តែវាបានកើតចេញទឹកចិត្តសប្បុរសធម៌ចូលរួមចំណែកជួយដល់ការងារសង្គម ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងចាក់ជូនពលរដ្ឋការពារការឆ្លងរាតត្បាតជំងឺកូវីដ-១៩។
ប្រធានក្រុម VKH Cross Country និងតំណាងក្រុមមហាគ្រួសារ OFF Road កម្ពុជារូបនេះ បានអះអាងទៀតថា ក្រុមមហាគ្រួសាររថយន្ត OFF Road កម្ពុជា គឺតែងតែចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់សង្គមជានិច្ច ដូចជាគ្រោះទឹកជំនន់ ជួយដល់គ្រួសារក្រីក្រនៅតាមតំបន់ដាច់ស្រយាល រួមនឹងសកម្មភាពជាច្រើនទៀត ក្នុងទឹកចិត្តមហាគ្រួសារខ្មែរក្រោមដំបូលសន្តិភាព។
គួររំលឹកថា ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានបង្កើតតាំងពីឆ្នាំ២០១៣ មានសមាជិកគ្រួសាររថយន្ត OFF ROAD កម្ពុជា ជាង ២០០ គ្រឿងហើយ គោលបំណងសំខាន់របស់ក្រុមគឺដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ ផ្សារភ្ជាប់សកម្មភាពមនុស្សធម៌ជាចំណែកមួយជួយដល់កិច្ចការសង្គម ជាពិសេសនោះជួយជម្រុញវិស័យកីឡារថយន្ត OFF ROAD ឱ្យកាន់តែផុសផុលបន្ថែមទៀតនៅកម្ពុជាផងដែរ៕