(ភ្នំពេញ)៖ អតីតសិស្សនិងគ្រូ សាលាបាក់ទូកមួយក្រុម ដែលបានបែកគ្នាជិត៣០ឆ្នាំ បានស្វែងរកគ្នារឹតចំណងមិត្តភាពឡើងវិញ ក្រោមគំនិតផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្កើតជាក្រុមក្នុងបណ្តាញសង្គម WhatsApp ជិត៣០០នាក់ មានទាំង គ្រូចូលនិវត្តន៍ មន្ត្រីរាជការ អ្នកជំនួញ កសិករ និងសាមញ្ញជន មានអ្នកនៅទីជនបទ មានអ្នកនៅក្រុងរាជធានី និងមានអ្នកនៅ ក្រៅប្រទេសក្នុងទ្វីបផ្សេងៗគ្នា តែងតែ បង្ហាញនូវសកម្មភាពមនុស្សធម៌តាមរយៈការ បរិច្ចាគធនធានផ្ទាល់ខ្លួន ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងបរិច្ចាគជួយ ដល់សង្គម កសាងសមិទ្ធិផលក្នុងសាលា ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើន តាមពាក្យស្លោករួមរបស់ពួកគាត់ គឺ "សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក"
ជាថ្មីម្តងទៀត ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងប្រឈមជាមួយការឆ្លងរីករាលដាលនូវជំងឺ កូវីដ-១៩ ក្រុមអតីតគ្រូនិងសិស្សបាក់ទូកខាងលើ បានរួមគ្នា ធ្វើវិភាគទានតាមចិត្តសទ្ធា សរុបបានថវិកាចំនួន ២ម៉ឺនដុល្លារ យកទៅចូលរួមជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រៀមទិញ វ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនដោយឥតគិតថ្លៃ ដល់ប្រជាជន មិត្តភក្តិ គ្រួសារ និងខ្លួនឯងផ្ទាល់ ក្នុងនាមជាតិខ្មែរតែមួយ ប្រកបដោយស្មារតីសាមគ្គីភាព និងភាតរភាព យ៉ាងស្និទ្ធស្នាលបំផុត៕