(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការប្រឹក្សាយោបល់ ឱ្យទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតក្នុងសំឡេង គាំទ្រភាគច្រើនលើសលប់ ដើម្បីជំរុញឱ្យស្ថាប័នជាតិមួយ អនុញ្ញាតការប្រើប្រាស់បន្ទាន់នូវវ៉ាក់សាំង COVID-19 ផលិតឡើងរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។
ការសម្រេចចិត្តរបស់គណៈកម្មធិការខាងលើ គឺជាការត្រួសត្រាយផ្លូវមួយសម្រាប់ FDA អនុញ្ញាតឱ្យចាក់សាំងជូនប្រជាជនអាមេរិក នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ គណៈកម្មាធិការប្រឹក្សាយោបល់ឱ្យ FDA បានបោះឆ្នោតអនុម័តលើការប្រើប្រាស់ជាបន្ទាន់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងសំឡេងគាំទ្រ ១៧, ជំទាស់ ០៤ និងមួយសំឡេងទៀតអនុប្បវាទ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកត្រូវបានគេរំពឹងខ្ពស់ថា នឹងអនុញ្ញាតមានការឱ្យចាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ជូនប្រជាជនរបស់ខ្លួនក្នុងពេលឆាប់ៗនេះ បន្ទាប់ពីចក្រភពអង់គ្លេស និងកាណាដា បានអនុញ្ញាតឱ្យចាប់ផ្ដើមចាក់វ៉ាក់សាំងនៃក្រុមហ៊ុនទាំងពីរនេះ ដល់ប្រជាជនរបស់ពួកគេ។
ទោះជាបែបនេះក្តី ព្រមពេលជាមួយគ្នានិយ័តករអង់គ្លេស កាលពីថ្ងៃពុធកន្លងទៅបានព្រមានថា អ្នកមានបញ្ហាប្រតិកម្មអាលែកហ្ស៊ី មិនគួរចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ក្នុងពេលបច្ចុប្បន្ននេះទេ ដោយត្រូវរង់ចាំបញ្ហានេះត្រូវបានដោះស្រាយសិន៕