(រតនគិរី)៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានប្រគល់ទទួលរថយន្តគិលានសង្គ្រោះ (Ambulance) ចំនួន២គ្រឿង ដែលជាអំណោយរបស់ក្រសួងសុខាភិបាល បានផ្តល់ជូនសម្រាប់មន្ទីរសុខាភិបាលខេត្ត សម្រាប់បម្រើលើការងារ ផ្តល់សេវាសុខុមាលភាពសាធារណៈនៅក្នុងខេត្ត។
រថយន្តគិលានសង្គ្រោះចំនួន ២គ្រឿងនេះ នឹងត្រូវផ្តល់ជូនដល់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ចំនួន១គ្រឿង និងជូនដល់មន្ទីរពេទ្យបង្អែកបរកែវចំនួន១គ្រឿង។
លោក លន់ សុភាព បានថ្លែងថា រថយន្តគិលានសង្គ្រោះទាំងនេះ នឹងបានជាមធ្យោបាយដ៏ប្រសើរឡើង សម្រាប់បម្រើការងារលើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹងគុណភាពនៃការផ្តល់សេវា សុខាភិបាលថែមទៀត ជាពិសេសជាមធ្យោបាយជួយ ក្នុងការសង្គ្រោះអ្នកជំងឺ និងការងារកិច្ចប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ លោកបានផ្តាំផ្ញើឲ្យមូលដ្ឋានផ្តល់សេវាសុខាភិបាល ដែលមានរថយន្តគិលានសង្រ្គោះ ក៏ដូចជាមូលដ្ឋានផ្តល់សេវាសុខាភិបាល ដែលទើបទទួលបានរថយន្តគិលានសង្គ្រោះថ្មីនេះ ត្រូវប្រើប្រាស់ឲ្យចំគោលដៅស្រមតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល និងត្រូវចេះថែទាំប្រើប្រាស់ឲ្យបានយូរអង្វែង៕