(កំពត)៖ លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពត និងលោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើទីតាំងដីដែលប្រជាពលរដ្ឋ បានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែង នៅក្នុងតំបន់ការពារឧទ្យានជាតិ «ព្រះមុនីវង្សបូគោ»។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពត នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។
លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្ត បានរាយការណ៍ក្នុងអង្គប្រជុំថា ប្រជាពលរដ្ឋដែលបានដាក់ពាក្យសុំធ្វើការវាស់វែងចេញបណ្ណកម្មសិទ្ធមានចំនួនសរុប ៣៣៨៦គ្រួសារ លើក្បាលដីចំនួន ៣៩១៣ក្បាលដី ទំហំស្មើនឹង១២២៤៧ហិកតា។
ក្នុងនោះ ក្បាលដីព្រៃមានចំនួន ១៤១៣ក្បាលដី ស្មើនឹង ៥៥៩៩ហិកតាដែលកាន់កាប់ដោយពលរដ្ឋ ១២៤៨គ្រួសារ ដូច្នេះតាមលទ្ធផលខាងលើ មានតែប្រជាពលរដ្ឋ ២១៣៨គ្រួសារប៉ុណ្ណោះ ដែលបានអាស្រ័យផល និងកាន់កាប់ដីជាក់ស្តែងលើក្បាលដី ចំនួន២៥០០ក្បាលដី ទំហំស្នើនឹង ៦៦៤៩ហិកតា នៅក្នុងឧទ្យាជាតិព្រះមុនីវង្សបូកគោ ដែលក្រុមការងារ នឹងធ្វើការវាស់វែងចេញបណ្ណកម្មសិទ្ធិជូន។
លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារសិក្សាស្រាវជ្រាវអត្តសញ្ញាណមនុស្ស និងអត្តសញ្ញាណដីនៅខេត្តកំពត បានចូលរួមលើកឡើងជាមតិយោបល់ នៃធាតុផ្សំចូលសំខាន់ៗ សំដៅឲ្យអង្គប្រជុំ ពិភាក្សា ដើម្បីរកដំណោះស្រាយ រួមមាន៖
*ទី១៖ ដីដែលប្រជាពលរដ្ឋ មានដំណាំដាំដុះជាក់ស្តែង និងអាស្រ័យផលយូរណាស់មកហើយ
*ទី២៖ ដីព្រៃគ្មានដាំដំណាំដាំដុះ
*ទី៣៖ ដីដែលស្ថិតនៅក្នុងឧទ្យានបូកគោ ហើយមានទំនាស់
*ទី៤៖ ដីព្រៃដែលបាននឹងកំពុងរានថ្មីៗ។
ក្រោយពីមានការចូលរួមពិភាក្សា ពីអ្នកពាក់ព័ន្ធ អង្គប្រជុំបានសម្រេចដាក់ចេញជាគោលការណ៍មួយចំនួន ដើម្បីឲ្យក្រុមការងារអនុវត្តបន្តរួមមាន៖
*១៖ ក្រុមការងារថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការឆ្វៀលដីចេញពីតំបន់ការពារជូនប្រជាពលរដ្ឋ ត្រូវពិនិត្យឲ្យបានហ្មត់ចត់លើដី ដែលអាស្រ័យផលជាក់ស្តែង មានដំណាំដាំដុះយូរណាស់មកហើយ ត្រូវដោះស្រាយជូនប្រជាពលរដ្ឋ។
*ទី២៖ ក្រុមការងារខេត្ត រៀបចំផែនទីចំនួន៣ បង្ហាញពីទីតាំងដែលប្រជាពលរដ្ឋ បានស្នើសុំសម្រាប់ស្រុកទឹកឈូ ស្រុកឈូក និងក្រុងកំពតដាច់ដោយឡែកពីគ្នា និងរៀបចំផែនទីររួមរបស់ខេត្ត ដើម្បីដាក់ជូនកិច្ចប្រជុំអន្តរក្រសួង។
*ទី៣៖ លោកអភិបាលខេត្ត បែងចែកក្រុមការងារតូចៗចំនួន៣ក្រុម ទទួលខុសត្រូវតាមក្រុង ស្រុកទាំង៣ ដើម្បីពន្លឿនការងារនេះឲ្យបានឆាប់រហ័សទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ក្រុមការងារគួរមានសមាសភាព ពីក្រសួងបរិស្ថាន រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ពាក់ព័ន្ធ។
*ទី៤៖ ស្នើសុំក្រុមការងារចុះដកបទពិសោធន៍ អនុវត្តការងារនៅឃុំបឹងទូក ស្រុកទឹកឈូមុនគេ ដើម្បីឲ្យក្រុមការងារទាំងអស់បានយល់ និងយកទៅអនុវត្តតាមក្រុមនីមួយៗ។ ការងារនេះស្នើសុំលោកប្រធានមន្ទីរបរិស្ថានខេត្ត និងលោកប្រធានមន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំផែនការចុះអនុវត្ត។
*ទី៥៖ សុំឲ្យមានកិច្ចសហការបានជិតស្និទ្ធ រវាងក្រុមការងារថ្នាក់ក្រសួង ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ដើម្បីពន្លឿនការអនុវត្តការងារនេះ ឲ្យបានឆាប់រហ័ស និងទទួលបានជោគជ័យ។
លោកអភិបាលខេត្ត ជាវ តាយ បានថ្លែងថា កិច្ចការងារឆ្វៀលដីជូនប្រជាពលរដ្ឋ គឺជារឿងសំខាន់ណាស់ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ដែលកាន់កាប់ដី និងអាស្រ័យផលជាក់ស្តែងជាយូរមកហើយនោះ ទទួលបានផ្តល់បណ្ណកម្មសិទ្ធិ ហើយអាចប្រើប្រាស់ដីរបស់ខ្លួន ឲ្យអស់លទ្ធភាព និងសក្តានុពល ដោយគ្មានការភ័យខ្លាច ហើយការផ្តល់ជូនប័ណ្ណកម្មសិទ្ធិនេះ ក្នុងគោលបំណង ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងធ្វើឲ្យប្រសើរដល់ជីវភាពរស់នៅ របស់ពលរដ្ឋ៕