(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅលើប្រព័ន្ធវីដេអូ Zoom ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងអភិបាលកិច្ច នៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីសមភាពយេនឌ័រ» ជូនសិក្ខាកាមគោលដៅ ដែលជាថ្នាក់ដឹកនាំកម្រិតបច្ចេកទេស របស់ក្រសួងសាធារណការ និងដឹកជញ្ជូន,ក្រសួងអភិវឌ្ឍន៍ជនបទ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក សាមូលអែល ហ័តទីស (Samuel Hurtig) ប្រធានផ្នែកសហប្រតិបត្តិការ នៃស្ថានទូតស៊ុយអ៊ែត ប្រចាំកម្ពុជា និងលោក ជា ចន្នន៍ធូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
លើសពីនោះទៀត ក៏មានការចូលរួមពីសំណាក់លោក លោកស្រី ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកិច្ចការនារី, និងតំណាងអង្គការអន្តរជាតិ រួមមាន៖ UNDP Regional, UNWomen Regional និង CCCA, ព្រមទាំងត្រូឧទ្ទេស និងសិក្ខាកាមសរុបប្រមាណ៩០នាក់។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីសិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់មួយ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈពិសេស «ការពង្រឹងអភិបាលកិច្ច នៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីសមភាពយេនឌ័រ» ស្របពេលដែលការងារទាំងនេះ កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពនិងយកចិត្តទុកដាក់ខ្ពស់។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការកសាង និងអភិវឌ្ឍសមត្ថភាព ជូនថ្នាក់ដឹកនាំ និង មន្ត្រីរាជការបច្ចេកទេសរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទៅនឹង៖
* វិទ្យាសាស្រ្ត នៃការប្រែប្រួលអាកាសធាតុ
* ទំនាក់ទំនងរវាងយេនឌ័រ និងហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ
* គោលនយោបាយជាតិ និងអន្តរជាតិសម្រាប់ការឆ្លើយតប ទៅនឹងការប្រែប្រួលអាកាសធាតុ
* វិធីសាស្ត្រវាយតម្លៃគម្រោង វិនិយោគក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ
* ហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុសម្រាប់ប្រទេសកម្ពុជានិងសកលលោក។
ដែលទាំងនេះ សុទ្ធតែជាមូលដ្ឋាន គ្រឹះសំខាន់ៗ ដែលមន្ត្រីរាជការកម្ពុជា កំពុងត្រូវការស្វែងយល់បន្ថែម ដើម្បីឈានទៅកែលម្អការអនុវត្ត ឲ្យបានកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយជាតិ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធឡូជីស្លឹករបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោក ជា ចន្នន៍ធូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងចំណាប់អារម្មណ៍ថា មន្ត្រីរាជការ និង ថ្នាក់ដឹកនាំនៃក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ និងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិតជាមានតម្រូវការចាំបាច់ ក្នុងការពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់ចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបព្រមទាំងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ថ្លែងក្នុងពិធីនេះដែរ លោក សាមូលអែល ហ័តទីស (Samuel Hurtig) ប្រធានផ្នែកសហប្រតិបត្តិការ នៃស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា បានថ្លែងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងទសវត្សរ៍ចុងក្រោយនេះ, ជាក់ស្តែងចំណាយសាធារណៈ សម្រាប់ការប្រែប្រួលអាកាសធាតុ បានកើនឡើងពី១.៤% នៃ ផសស នៅឆ្នាំ ២០១៣ ដល់២% នៃ ផសស នៅឆ្នាំ ២០១៩។
ជាពិសេសលោក ហ័តទីស បានបញ្ជាក់ថា ប្រទេសស៊ុយអ៊ែត នឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈកម្មវិធីសម្ព័ន្ធភាព ការប្រែប្រួលអាកាសធាតុកម្ពុជា៕