(កណ្តាល)៖ លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យមន្ដ្រីជំនាញ សហការជាមួយអាជ្ញាធរខេត្តកណ្ដាល និងស្ថាប័នពាក់ព័ន្ធ ចុះហាមឃាត់ និងចាត់វិធានការចំពោះសកម្មភាពចាក់ដី រំលោភយកប្រឡាយសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ព្រមទាំងសាងសង់សំណង់លើដីដែលទើបនឹងចាក់នោះ នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល។
មន្ដ្រីជាន់ខ្ពស់ក្រសួងធនធានទឹក បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីករណីនេះ លោករដ្ឋមន្ដ្រី លឹម គានហោ បានបញ្ជាមន្ដ្រីជំនាញចុះស្រាវជ្រាវ និងធ្វើការងារនេះជាបន្ទាន់ ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់។
មន្ដ្រីដដែលបញ្ជាក់ទៀតថា ក្នុងចំណាត់ការចំពោះមុខ លោករដ្ឋមន្ដ្រី បានបញ្ជាឲ្យផ្អាកសកម្មភាពចាក់ដីរំលោភយកដីប្រឡាយ ហើយកោះហៅភាគីពាក់ព័ន្ធទាំងអស់ ដើម្បីមកធ្វើការសួរនាំ និងដោះស្រាយលើបញ្ហានេះ។
គួរជម្រាបថា អ្នកភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល បានរាយការណ៍ឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះថា ពួកគេបានឃើញឈ្មួញដែលរកស៊ីខាងកាយដីលក់អាចម៍ដី បានបន្តធ្វើសកម្មភាពចាក់ដី រំលោភយកប្រឡាយសាធារណៈរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន និងបានសាងសង់សំណង់លើដីដែលទើបនឹងចាក់នោះ ទោះអាជ្ញាធរមូលដ្ឋាន និងស្រុកចុះទៅហាមឃាត់ និងទប់ស្កាត់ប៉ុន្មានដងក៏មិនមានប្រសិទ្ធដែរ។
សម្រាប់បញ្ហារំលោភដីប្រឡាយរបស់រដ្ឋខាងលើនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ថា មកពីអាជ្ញាធរមូលដ្ឋានបានស៊ីញ៉េលក់ដីនេះទៅឲ្យឈ្មួញទាំងបំពាន ហើយក្រុមឈ្មួញយកហេតុផលនេះ បានជាធ្វើការរំលោភបន្តិចម្តងៗ រហូតចាក់ដីពេញ និងសាងសង់ជាសំណង់រឹងតែម្តង។
ប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគេបានចាក់លុបប្រឡាយនេះ បានជាច្រើនម៉ែត្រ ហើយបន្តសង់សំណង់រឹង គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បើសិនជាមិនមានការទប់ស្កាត់ទេប្រឡាយសាធារណៈនេះ នឹងក្លាយទៅជារបស់ឯកជន ជាក់ជាមិនខានឡើយ។ បើតាមសេចក្ដីរាយការណ៍ កន្លងទៅអាជ្ញាធរក៏បានចុះទៅហាមឃាត់ដែរ ប៉ុន្ដែក្រុមឈ្មួញបានលួចធ្វើសកម្មភាពនៅពេលយប់ទៅវិញ។
បើតាមប្រជាពលរដ្ឋ ក្រុមឈ្មួញទាំងនេះ បានចាក់ដីលុបដោយឆ្លៀតឱកាស ខ្លះពេលថ្ងៃ ខ្លះពេលយប់រហូតដល់លុបពេញ ហើយក៏ចាប់ផ្តើមធ្វើសំណង់លើដីចាក់លុបទាំងនោះតែម្តង ដើម្បីលក់បន្ត ឬដាក់ជួល។ ក្រុមឈ្មួញទាំងនេះ បានទិញដោយគ្មានលិខិតស្នាមត្រឹមត្រូវនោះឡើយ ពោលមានតែហេត្ថលេខាពីមេឃុំប៉ុណ្ណោះ ខណៈចំណីប្រឡាយរបស់រដ្ឋ មិនអាចមាននរណាយកមកធ្វើជាកម្មសិទ្ធិបាននោះទេ។
កន្លងទៅលោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឲ្យអាជ្ញាធរចុះហាមឃាត់សកម្មភាពចាក់ដីលុបប្រឡាយនេះហើយ ព្រមទាំងហៅភាគីអ្នកចាក់ ចូលខ្លួនដោះស្រាយ រហូតធ្វើកិច្ចសន្យា ប៉ុន្តែបុគ្គលរូបនេះមិនព្រមចុះ ហេត្ថលេខាទទួលស្គាល់នោះឡើយ។ លោកអភិបាលស្រុក បានត្រឹមឲ្យមន្រ្តីចុះទៅឃាត់តែប៉ុណ្ណោះ ប៉ុន្តែមិនអាចទប់ស្កាត់សកម្មភាពរំលោភទាំងនេះបានឡើយ។
អំពីបញ្ហានេះ ក្រុមប្រជាពលរដ្ឋអ្នកអាស្រ័យផលដីប្រឡាយនេះ បានស្នើដល់អភិបាលខេត្ត មេត្តាជួយរក្សាទុកផង ដើម្បីបានពួកគាត់ប្រើប្រាស់រួម។
គួរជម្រាបថា ចាប់តាំងពីមានការអភិវឌ្ឍន៍នៅចំណុចខាងស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាលមក គេឧស្សាហ៍ឃើញក្រុមឈ្មួយទុច្ចរិត ដណ្ដើមគ្នារឿងយកដីបឹងសាធារណៈទៅធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ពិសេសពេលលឺដំណឹងថា គេនឹងកាត់តំបន់នេះចូលដីរាជធានីភ្នំពេញទៀតនោះ បញ្ហាដណ្ដើមគ្នា រំលោភយកដីរដ្ឋ ក៏កើតមានឥតលួសផងដែរ ខណៈប្រជាពលរដ្ឋមានតែស្នើដល់ថ្នាក់លើកំពូលជួយពិនិត្យបញ្ហានេះផង៕