(កណ្ដាល)៖ ប្រជាកសិករដែលកំពុងប្រកបមុខរបរ ចិញ្ចឹមទាយកពងជាច្រើនគ្រួសារ នៅក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននាំគ្នាត្អូញត្អែរអំពីរឿង តម្លៃពងទាចុះថោកខ្លាំង ហើយចំណីឡើងថ្លៃខ្លាំងវិញ ដែលធ្វើឲ្យប៉ះពាល់ក្នុងការចិញ្ចឹម។
បញ្ហារឿងតម្លៃពងទាចុះថោកនេះ ដោយពួកគាត់យល់ឃើញថា ដោយសារតែមានការបើកដៃឲ្យមានការនាំចូលពងទាពីប្រទេសជិតខាងច្រើនចូលមកកម្ពុជា ធ្វើឲ្យប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក។
លោក អឿន អៀង កសិករចិញ្ចឹមទានៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានលើកឡើងថា «បើតាមឈ្មួញដែលយកពង តាមទ្រុងបាននិយាយថា ពងទាភាគច្រើននាំចូលពីប្រទេសជិតខាង ធ្វើឲ្យតម្លៃក្នុងស្រុកថោក និងពិបាកលក់ចេញ»។
លោកបន្តថា តម្លៃពងទាពីមុន ពី៤៥០រៀល ទៅ៤៧០រៀលក្នុង១គ្រាប់ តែឥឡូវនេះ ចុះនៅត្រឹមតែ២៥០រៀល ហើយបើនិយាយអំពីតម្លៃចំណីវិញ ក្នុង១បេ ឡើងថ្លៃរហូត៤៩,០០០រៀលឯណោះ។
លោក អឿន អៀង បានបង្ហាញនូវក្ដីកង្វល់ថា ចំណីសម្រាប់ចិញ្ចឹមទាមានការឡើងថ្លៃ ចំណែកពងទាវិញកាន់តែចុះថោក ដូច្នេះការចិញ្ចឹមមិនចំណេញនោះទេ ហើយពួកគាត់ជាអ្នកចិញ្ចឹម សុទ្ធតែយកលុយពីធនាគាររកស៊ី ដូច្នេះវាងាយប្រឈមមុខនឹងរឿង គ្មានលុយបង់ធនាគារណាស់៕