(ភ្នំពេញ)៖ សមាគមអ្នកគាំទ្រសន្តិភាព នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រទាំងស្រុង នូវសេចក្តីសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសេចក្តីជូនដំណឹង ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីលទ្ធផលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ ដែលកំណត់ឱ្យជាប់ជាស្ថាពរ ចំពោះបេក្ខជនទាំងអស់ ដែលបានចុះឈ្មោះប្រឡង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

លោក វ៉ាន កាម៉ុល តំណាងស្ថាបនិកសមាគមអ្នកគាំទ្រសន្តិភាព បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍នេះថា «ឆ្លើយតបនឹងការសម្រេចដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវរូបមន្តសន្តិភាពជាតិ សុវត្ថិភាព សុខភាពប្រជាជន និងផ្តល់ឱកាសដល់ប្រជាជន បន្តទទួលបានសមិទ្ធផលពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលអនាគត តាមការសម្រេចឱ្យបេក្ខជន ប្រលងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០១៩-២០២០ ដែលបានចុះឈ្មោះប្រឡង ដោយគ្មាននិទ្ទេស កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ»

តំណាងស្ថាបនិកសមាគមអ្នកគាំទ្រសន្តិភាពរូបនេះ បានលើកឡើងបន្តថា ការសម្រេចចិត្តរបស់ សម្តេចតេជោ ហ៊ុន សែន បានបង្កើតបរិយាកាសធូរស្រាលក្នុងអារម្មណ៍សិស្សានុសិស្ស ពីការរង់ចាំការត្រៀមខ្លួនចូលប្រឡង តាមកាលបរិច្ឆេទប្រឡងដែលត្រូវបានលើកជាបន្តបន្ទាប់ និងមិនអាចប្រកាសបញ្ចប់មុនថ្ងៃប្រឡងបាននោះ សិស្សានុសិស្ស ទទួលបាននូវសន្តិភាពក្នុងចិត្តអារម្មណ៍ ក្រុមគ្រួសារសិស្សានុសិស្ស និងប្រជាជនកម្ពុជាទូទាំងប្រទេសមានសុវត្ថិភាពផ្នែកសុខភាព ជៀសវាងបានពីការឆ្លង រីករាលដាលមេរោគកូវីដ-១៩ ក្នុងសហគមន៍ ដោយសារតែការគិតគូរ យកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង៕

ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់សមាគមអ្នកគាំទ្រសន្តិភាព៖